អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) នឹងមានសេរីភាពនៅថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) នេះ បន្ទាប់ពីឧបករណ៍តាមដានអេឡិចត្រូនិចរបស់លោក ត្រូវបានដោះចេញ ដែលបានបញ្ចប់ជំហានចុងក្រោយនៃដំណើរការដោះលែងរូបលោក ក្រោមការលើកលែងទោសពីអង្គព្រះមហាក្សត្រ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
របាយការណ៍ព័ត៌មានរបស់ក្រសួងយុត្តិធម៌ថៃ បានឲ្យដឹងនៅថ្ងៃទី៩ ខែមិថុនាថា គណៈកម្មាធិការ ៣ភាគី ក្រោមព្រះរាជក្រឹត្យ ស្តីពីការផ្តល់ការលើកលែងទោសរបស់អង្គព្រះមហាក្សត្រ ត្រូវពិចារណា និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះមនុស្សទូទាំងប្រទេស ដែលបំពេញតាមលក្ខខណ្ឌ សម្រាប់ដំណើរការលើកលែងទោស។
របាយការណ៍ដែលចេញនៅថ្ងៃត្រង់ទី៩ ខែមិថុនានេះ បានឲ្យដឹងថា តុលាការព្រហ្មទណ្ឌ Thon Buri Criminal Court កំពុងពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះបុគ្គល ដែលទទួលបានការលើកលែងទោស ក្នុងនោះរួមមានទាំងលោក ថាក់ស៊ីន ផងដែរ។ របាយការណ៍ពីការវិវត្តចុងក្រោយបំផុត បានឲ្យដឹងថា នៅម៉ោងប្រហែល ២រសៀល ម៉ោងក្នុងស្រុក លោក ថាក់ស៊ីន ត្រូវបានដោះខ្សែដៃតាមដានអេឡិចត្រូនិចទាំងស្រុង នៅចំពោះមុខមន្ត្រីត្រួតពិនិត្យ។
គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីរូបនេះ ស្ថិតនៅក្រោមការតាមដាន អំឡុងរយៈពេលនៃការដោះលែងដោយមានលក្ខខណ្ឌ ហើយស្ថិតក្នុងចំណោមអ្នកដែលត្រូវបានដោះលែង ក្រោមការលើកលែងទោសពីអង្គព្រះមហាក្សត្រ ក្នុងខែឧសភា ដោយសារតែលោកនៅសល់រយៈពេលជាប់ទោសមិនដល់មួយឆ្នាំទៀតទេ៕