ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសជប៉ុន។

សូមជម្រាបថា កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក្រោមមូលបទ ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ បានប្រារព្ធពិធីបើកជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៣មេសា នៅសាល Komamoto Jo ក្នុងទីក្រុងគូម៉ាម៉ូតូ ខេត្តគូម៉ាម៉ាតូ ប្រទេសជប៉ុន។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអញ្ជើញឡើងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំនេះផងដែរ។
ក្នុងសុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនទានចំនួន៤ ដើម្បីដោះស្រាយបញ្ហាប្រឈមនាំដល់វិនាសសកម្មធនធានទឹក និងដើម្បីគ្រប់គ្រងឱ្យបានប្រកបដោយចីរភាពសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ទស្សនទានទាំង៤នោះរួមមាន៖
១-បន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្ម បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងក្នុងប្រទេស តំបន់ និងសកលលោក។
២-បន្តជំរុញការអភិវឌ្ឍសកម្មភាពសង្គម-សេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគាំទ្រដល់ការអភិវឌ្ឍបៃតង,ជាពិសេស សម្រាប់វិស័យកសិកម្មដែលជាវិស័យប្រើប្រាស់ទឹកច្រើន។
៣-ជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីចាប់យកវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
៤-ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្ដួចផ្តើម និងសកម្មភាពនានា គាំទ្រដល់ការលើកកម្ពស់ចីរភាពសង្គមក្នុងការប្រើប្រាស់ និងការគ្រប់គ្រងទឹក សំដៅធានាឱ្យបានថា ប្រជាជនសកលលោកគ្រប់រូបទទួលបានទឹកមកប្រើប្រាស់ តាមតម្រូវការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព គឺចាំបាច់ណាស់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែងនៅក្នុងរបៀបវារៈឆ្នាំ២០៣០ របស់សហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅគោលដៅទី៦ ស្តីពី «ការធានាឱ្យមាននិងការគ្រប់គ្រងទឹកនិងអនាម័យប្រកបដោយចីរភាព សម្រាប់ប្រជាជនគ្រប់រូប»។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសរំលេចដែរថា កម្ពុជា ចាត់ទុកទឹកជា «មាស-ស» ដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជា តែងទទួលស្គាល់អំពីសារសំខាន់ជាយុទ្ធសាស្ត្រ និងផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក សំដៅជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរធានាបាននូវសន្តិសុខទឹកក្នុងក្របខណ្ឌទូទាំងប្រទេស។




