
នៅលើវាលស្រែដ៏ធំល្វឹងល្វើយក្នុងខេត្តជ្វាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី ធ្លាប់តែមើលឃើញពណ៌បែតង និងពណ៌មាស ប៉ុន្តែរដូវដាំដុះឆ្នាំនេះ ខុសប្លែកពីសព្វមួយដង ពេលដែលប្រទេសមួយនេះ ជួបរដូវប្រាំងរយៈពេលយូរ ពាក់ព័ន្ធនឹងបាតុភូតអែល នីញ៉ូ ។
ឥណ្ឌូនេស៊ីជាទីដែលស្រូវគឺជាអាហារចម្បងសម្រាប់មនុស្សរាប់លាននាក់នោះ ពឹងផ្អែកលើអាកាសធាតុល្អប្រកបដោយស្ថិរភាព ដើម្បីទ្រទ្រង់ផលិតកម្មកសិកម្មរបស់ពួកគេ ។
នៅតាមតំបន់ជាច្រើនដូចជាតំបន់ Cirebon វដ្តរដូវនាំឲ្យមានការដាំដុះ និងការប្រមូលផល ប៉ុន្តែប្រពៃណីនេះ លែងអាចព្យាករបានទៀតហើយ ពេលដែលអាកាសធាតុអាក្រក់ កាន់តែធ្ងន់ធ្ងរខ្លាំង ។
ការមកដល់បាតុភូតអែល នីញ៉ូ ដែលនាំគ្នាមានស្ថានភាពស្ងួតខុសពីធម្មតានៅឥណ្ឌូនេស៊ី បង្កក្តីបារម្ភយ៉ាងខ្លាំងចំពោះកង្វះខាតទឹក ដែលនាំឲ្យអាក់ខានដល់ការដំាដុះ ។
សម្រាប់កសិករដែលធ្វើការសាបព្រួសខ្លះហើយនោះ ការធ្លាក់ភ្លៀងតិចតួច អាចនឹងមានន័យថាជាភាពខុសប្លែកគ្នា រវាងការប្រមូលផលជោគជ័យ និងការខាតបង់ធំ ។
សម្រាប់កសិករ Teguh Basuki វ័យ ៥១ឆ្នាំ ការបន្តដំាស្រូវមិនមែនជាជម្រើសនោះទេ ប៉ុន្តែជាតម្រូវការដ៏ចាំបាច់ ។ ក្នុងនាមជាកសិករអស់រយៈពេលជាង ២ទសវត្សរ៍មកហើយនោះ លោកនិយាយថា ការរស់រានមានតែការសម្របខ្លួនប៉ុណ្ណោះ បើទោះបីជាវាមានន័យថា ពួកយើងត្រូវការចំណាយច្រើន និងកម្លាំងពលកម្មខ្លាំងជាងមុនក៏ដោយ ។
លោក Teguh និយាយថា ពួកយើងរស់បានអាស្រ័យលើកសិកម្ម ដូច្នេះហើយ ពួកយើងត្រូវតែចេះសម្របខ្លួន ។
ពេលដែលទឹកស្រោចស្រពលែងសូវមាន លោក Teguh បានងាកមកប្រើប្រាស់ទឹកបូមពីក្រោមដីវិញ ដើម្បីដាំស្រូវរបស់លោក ។ លោកថា ការចំណាយប្រេង និងកម្លាំងពលកម្មបន្ថែមទៀត ធ្វើឲ្យប៉ះពាល់ដល់ការចំណាយរបស់លោក ប៉ុន្តែទុកដីស្រែចោល មានតែធ្វើឲ្យលោកបាត់បង់ប្រាក់ចំណូលរបស់ខ្លួនប៉ុណ្ណោះ ៕