ទីក្រុង និងទីប្រជុំជននានានៅទូទាំងតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន បានជាប់គាំងកាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា មុនពេលកូដកម្មមួយដែលត្រូវបានអំពាវនាវដោយសម្ព័ន្ធសង្គមស៊ីវិលដែលទើបតែត្រូវបានហាមឃាត់កាលពីពេលថ្មីៗនេះ។ ផ្លូវនានាក្នុងរដ្ឋធានី Muzaffarabad និងកន្លែងផ្សេងទៀតមានភាពស្ងាត់ជ្រងំ ដោយមានតែរថយន្តនគរបាលប៉ុណ្ណោះដែលអាចគេមើលឃើញ។

វត្តមាននគរបាលកាន់តែច្រើន ហើយកូដកម្មនេះបានកើតឡើងបន្ទាប់ពីមនុស្សយ៉ាងហោចណាស់១១នាក់ត្រូវបានសម្លាប់កាលពីយប់ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ក្នុងការប៉ះទង្គិចគ្នារវាងសន្តិសុខ និងអ្នកតវ៉ានៅក្នុងទីក្រុង Rawalakot ដែលជំរុញឱ្យមានការបង្ក្រាបរាលដាលដោយអាជ្ញាធរ។ យោងតាមសារព័ត៌មានReutersបានឲ្យដឹងថា រដ្ឋាភិបាលក្នុងតំបន់បានបញ្ជាឱ្យចុះបញ្ជីករណីបះបោរប្រឆាំមេដឹកនាំដ៏លេចធ្លោចំនួនបួនរូបនៃគណៈកម្មាធិការសកម្មភាព Awami ចម្រុះ(JAAC) ដែលត្រូវបានហាមឃាត់។ រដ្ឋាភិបាល ក៏បានប្រកាសប្រាក់រង្វាន់ចំនួន១០លានរូពី ឬ៣៥.៩៥១ដុល្លារ សម្រាប់ការចាប់ខ្លួនពួកគេ បន្ទាប់ពីហាមឃាត់ក្រុមនេះ កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា។
គណៈកម្មាធិការសកម្មភាព Awami ចម្រុះ(JAAC) បានអំពាវនាវឱ្យមានកូដកម្មនៅទូទាំងតំបន់ ដើម្បីតវ៉ាប្រឆាំងការបម្រុងទុកអាសនៈចំនួន១២សម្រាប់ជនភៀសខ្លួននៅក្នុងការបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា។ អាសនៈទាំងនោះត្រូវបានប្រកួតប្រជែងដោយបេក្ខជនដែលមិនរស់នៅក្នុងតំបន់កាស្មៀរ ប៉ុន្តែនៅកន្លែងផ្សេងទៀត ក្នុងប្រទេសប៉ាគីស្ថាន។

អ្នកស្រុកបាននិយាយថា ទីក្រុង Muzaffarabad ជារដ្ឋធានីធំបំផុតនៃតំបន់ Azad Kashmir មានប្រជាជនចំនួនជាង៥សែននាក់ មានភាពស្ងាត់ជ្រងំ។ គ្រប់ហាង គ្រប់ទីផ្សារ និងផ្លូវ ត្រូវបានបិទទាំងស្រុង។