ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យក្រុមការងារវាស់វែង JBC ចុះកំណត់ខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាពិសេសនៅកន្លែងដែលរងផលប៉ះពាល់ និងដែលមានប្រជាជនស៊ីវិលរស់នៅ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ជាថ្មីម្តងទៀតពីគោលជំហររបស់កម្ពុជា ដែលមិនប្រើកម្លាំងយោធាក្នុងការដណ្តើមយកទឹកដីមកវិញឡើយ តែកម្ពុជាប្រកាន់យកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា និងការវាស់វែងដោយប្រើយន្តការដែលមានស្រាប់ គឺគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងផ្អែកលើអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា។ ការបញ្ជាក់បែបនេះ គឺជាការផ្ញើសារទៅកាន់សារព័ត៌មានថៃ ដែលបានផ្សាយខុសអំពីប្រសាសន៍របស់សម្តេចកាលពីថ្ងៃទី៩ មិថុនា ដែលនាំឱ្យមានការយល់ច្រឡំថា កម្ពុជាអាចប្រើកម្លាំងយោធាដើម្បីវាយដណ្តើមយកដីមកវិញ។
សម្តេចតេជោក៏បានប្រកាសថា ដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី គឺជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតខាងមុខ ហើយសម្តេចបានស្នើឱ្យបក្សប្រឆាំងដែលតែងតែញុះញង់ឱ្យប្រើកម្លាំង សូមឱ្យពួកគេដាក់ចេញគោលនយោបាយអំពីរឿងនេះ។
ជាថ្មីម្តងទៀត សម្តេចតេជោបានជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដែលបានឯកភាពគ្នាប្រគល់ភារកិច្ចឱ្យក្រុមការងារវាស់វែង JBC ចុះកំណត់ខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ជាពិសេសនៅកន្លែងដែលរងផលប៉ះពាល់ និងដែលមានប្រជាជនស៊ីវិលរស់នៅ។
សម្ដេចតេជោបានថ្លែងថា៖«ប៉ុន្ដែនាយករដ្ឋមន្រ្ដីថៃ ក៏បាននិយាយថា ថៃអត់បានឈ្លានពានទេ! ឥឡូវ អីចេះឈ្លានពាន ឬមិនឈ្លានពាន អនុវត្តនូវចំណុចទីបីនៃកិច្ចព្រមព្រៀងឈប់បាញ់របស់កម្ពុជា និងថៃ ដែលទទួលបានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលចំណុចទីបីនេះបានចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ»។
សម្ដេចតេជោបានថ្លែងថា បើថាភាគីថៃខ្លួនឯងចិត្តត្រង់ឥឡូវចូលមកវាស់វែងខណ្ឌសីមាព្រំដែនទៅ ព្រោះអាហ្នឹងគឺយើងបានកំណត់ជាមួយគ្នានៅក្នុងកិច្ចព្រមព្រៀងឈប់បាញ់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មកម៉្លេះ។
សូមបញ្ជាក់ថា មកទល់បច្ចុប្បន្បន្ន បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្តែវាកំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានៅតែមានក្តីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្តែងនៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ សម្តេចធិបតីបញ្ជាក់ច្បាស់ថា ព្រំដែននិងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង (faits accomplis) ឡើយ។ ទាំងកម្ពុជានិងថៃបានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្ត ចំពោះការដោះស្រាយដោយសន្តិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ ទៅជាសន្តិភាពអចិន្ត្រៃយ៍។
សម្ដេចធិបតីបញ្ជាក់ថា ជាក់ស្តែង ភាគីទាំងពីរបន្តបង្ហាញការប្រកាន់ខ្ជាប់នូវសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហេតុដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពនិងជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់របស់យើង៕
