ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន តាមរយៈការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី ២០២៦-២០៣០ ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើម្ចាស់ផ្ទះ។

នៅក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្មីៗនេះ ឯកឧត្តម យី វាសនា បានជម្រាបថា ក្នុងដំណើរបេសកកម្មអន្តរជាតិនេះ ឯកឧត្តម បានធ្វើដំណើរពីប្រទេសម៉ាឡេស៊ី ទៅប្រទេសឥណ្ឌណេស៊ី ចូលរួមមហាសន្និបាតសហព័ន្ធកីឡាជនពិការអាស៊ាន បានបញ្ចប់អាណត្តិចាស់ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ (APSF EXCO 2026-2030) ដោយមានសមាសភាព ៧រូប ក្នុងនោះប្រធានសហព័ន្ធកីឡាជនពិការអាស៊ានគឺ លោក Senny Marbun អមដោយអនុប្រធាន៤រូប ក្នុងនោះមានឯកឧត្តម យី វាសនាផងដែរ។
ក្នុងនាមតំណាងរាជរដ្ឋាភិបាល ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្ត ជឿជាក់លើវិជ្ជាជីវៈវិស័យកីឡាជនពិការកម្ពុជា ក៏ដូចជាវិស័យកីឡាជនពិការអាស៊ានជូនដល់ឯកឧត្តម យី វាសនា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងឯកឧត្តមជាតំណាង ក្នុងការចូលរួមមហាសន្និបាតសហព័ន្ធកីឡាជនពិការអាស៊ាន ឆ្នាំ២០២៦នេះ។
គួរបញ្ជាក់ថា នាថ្មីៗកន្លងទៅ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជាបានទទួលជោគជ័យជាប្រវត្តសាស្រ្តដោយ ក្រុមកីឡាករ កីឡាការិនីបាល់បោះអង្គុយជនពិការកម្ពុជាទាំងពីរក្រុមបាននាំមេដាយមាសជូនជាតិ ក្នុងការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៦ (2nd Asian Para Throwball Championship 2026) នៅប្រទេសម៉ាឡេស៊ី គឺជាសមិទ្ធផលប្រកបដោយមោទនភាពជាតិ៕





