ខណៈការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 កាន់តែខិតជិតមកដល់ សណ្ឋាគារប្រណិតលំដាប់កំពូលមួយនៅទីក្រុងញូវយ៉កបានបង្កការភ្ញាក់ផ្អើល ដោយដាក់លក់កញ្ចប់ទស្សនាវគ្គផ្តាច់ព្រ័ត្រក្នុងតម្លៃរហូតដល់ ១ លានដុល្លារអាមេរិក សម្រាប់ភ្ញៀវដែលចង់ទទួលបានបទពិសោធន៍ដ៏ប្រណិតបំផុត។

The Mark Hotel បានប្រកាសកញ្ចប់ “World Cup 2026 Extravaganza Package” ដែលផ្តល់ជូនសេវាកម្មលំដាប់ VIP ពេញលេញ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2026។
លោក Elon Kenchington នាយកគ្រប់គ្រងសណ្ឋាគារ បានអះអាងថា កញ្ចប់នេះត្រូវបានរៀបចំឡើងសម្រាប់អតិថិជនដែលចង់បានប្រណិតភាពបំផុត «Best of the Best»។
«មនុស្សជាច្រើនមានភាពតានតឹងពេលទៅទស្សនា World Cup។ យើងចង់ដកបញ្ហាទាំងអស់នោះចេញ ហើយបង្កើតកញ្ចប់ដែលល្អឥតខ្ចោះសម្រាប់ភ្ញៀវ»។
ទស្សនាបាល់ទាត់តាមរបៀប VIP
កញ្ចប់តម្លៃ ១ លានដុល្លារនេះ រួមមានសំបុត្រចំនួន 6 សន្លឹកសម្រាប់វគ្គផ្តាច់ព្រ័ត្រ ដោយកន្លែងអង្គុយស្ថិតនៅជិតខ្សែកណ្តាលទីលាន (Halfway Line) ដែលជាតំបន់ល្អបំផុតមួយសម្រាប់ទស្សនាការប្រកួត។
លើសពីនេះ ភ្ញៀវនឹងទទួលបាន៖
បទពិសោធន៍ប្រណិតនៅលើដំបូលសណ្ឋាគារ
សម្រាប់អំឡុងពេលស្នាក់នៅ 4 យប់ សណ្ឋាគារនឹងរៀបចំអេក្រង់យក្សសម្រាប់ទស្សនាការប្រកួតទាំងអស់នៃ World Cup 2026 រួមទាំងតុហ្គេមកម្សាន្ត និងអាហារពិសេសពីភោជនីយដ្ឋានល្បីរបស់សណ្ឋាគារ។
ភ្ញៀវក៏អាចកុម្ម៉ង់អាហារប្រណិត និងសេវាកម្មពិសេសគ្រប់ប្រភេទនៅលើ Rooftop ឯកជន ដែលមានក្រុមបុគ្គលិកប្រចាំការពេញម៉ោងដើម្បីបំពេញតម្រូវការគ្រប់យ៉ាង។
អ្នកគាំទ្របាល់ទាត់មានទស្សនៈខុសគ្នា
នៅតំបន់ Times Square អ្នកគាំទ្របាល់ទាត់ជាច្រើនបានបញ្ចេញមតិខុសៗគ្នាជុំវិញកញ្ចប់ដ៏ថ្លៃនេះ។
លោក Diego Chavez មកពី Queens បាននិយាយថា៖
«វាអាចស្តាប់ទៅថ្លៃខ្លាំង ប៉ុន្តែវាជា World Cup Final នៅញូវយ៉ក ហើយជាបទពិសោធន៍មួយក្នុងជីវិត។ ប្រសិនបើខ្ញុំមានលទ្ធភាព ខ្ញុំពិតជាចង់សាកល្បង»។
ខណៈលោក Barry Louge មកពីទីក្រុង Boston មានទស្សនៈខុសគ្នា៖
«ខ្ញុំនឹងទៅមើលការប្រកួតមួយ ឬពីរ ប៉ុន្តែខ្ញុំមិនគិតថាចាំបាច់ត្រូវស្នាក់នៅ Penthouse មាន Butler ផ្ទាល់ខ្លួននោះទេ។ បើមានរថយន្តដឹកទៅកីឡដ្ឋានក៏គ្រប់គ្រាន់ហើយ»។
វគ្គផ្តាច់ព្រ័ត្រដែលពិភពលោកកំពុងរង់ចាំ
ការប្រកួត World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែមិថុនា ខណៈវគ្គផ្តាច់ព្រ័ត្រគ្រោងធ្វើឡើងនៅថ្ងៃទី 19 ខែកក្កដា ក្នុងរដ្ឋ New Jersey។
ជាមួយនឹងកញ្ចប់តម្លៃ ១ លានដុល្លារនេះ The Mark Hotel កំពុងបង្ហាញថា World Cup មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់វិស័យទេសចរណ៍ និងសេវាកម្មប្រណិត បង្កើតបទពិសោធន៍ដ៏ពិសេសសម្រាប់អតិថិជនកម្រិតខ្ពស់ផងដែរ៕