ក្រសួងអប់រំប៉ាឡេស្ទីនបានរាយការណ៍កាលពីថ្ងៃអង្គារថា សិស្សនិងនិស្សិតចំនួន ២០.៦៤៧ នាក់ នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមរបស់ខ្លួនលើតំបន់ឆ្នេរសមុទ្រ ក្នុងខែតុលា ឆ្នាំ ២០២៣។

ក្នុងអំឡុងពេលដូចគ្នា កងកម្លាំងអ៊ីស្រាអែល ឬអ្នកតាំងលំនៅឋាន បានសម្លាប់សិស្សសាលាចំនួន ១២៨ នាក់ និងនិស្សិតសាកលវិទ្យាល័យចំនួន ៣៩នាក់ នៅក្នុងតំបន់វេសបែង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន។

ក្រសួងបានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញអគារសាកលវិទ្យាល័យចំនួន ៦៣ សាលារៀនដែលគ្រប់គ្រងដោយរដ្ឋាភិបាលចំនួន ១៧៩ និងបានបំផ្លាញសាលារៀនចំនួន ១០៥ ផ្សេងទៀត ដែលគ្រប់គ្រងដោយទីភ្នាក់ងារសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេ ស្ទីននៅទូទាំងតំបន់ហ្កាហ្សា។
យុទ្ធនាការរបស់អ៊ីស្រាអែល ក៏បានបណ្តាលឲ្យគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន ១.០៥៤ នាក់ ស្លាប់ នៅក្នុងតំបន់ហ្កាហ្សាផងដែរ។ ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា ១៩.១០១ នាក់ ជាសិស្សសាលា ខណៈដែលនៅសល់ គឺជានិស្សិតសាកលវិទ្យាល័យ៕