នៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានថ្លែងអំណរគុណដល់លោក គីម ជុងអ៊ុន (Kim Jong Un) ចំពោះការមាននូវបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងថ្មីៗនេះ ដោយបានពិពណ៌នាអំពីដំណើរនេះថា ជាជោគជ័យ និងជាព្រឹត្តិការណ៍សំខាន់មួយ នៅក្នុងទំនាក់ទំនងទ្វេភាគី។

លោក គីម បានទទួលសារពីលោក ស៊ី កាលពីថ្ងៃអង្គារ ដែលបានបង្ហាញនូវការដឹងគុណ ក្នុងនាមរដ្ឋាភិបាលចិន បក្សកុម្មុយនីស្តចិន និងប្រជាជនចិន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)។
លោក ស៊ី បានថ្លែងថា លោក គីម និងភរិយារបស់លោក គឺលោកស្រី រី សូលជូ (Ri Sol Ju) ក៏ដូចជារដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង បានរៀបចំការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ សម្រាប់គណៈប្រតិភូចិន ដែលឆ្លុះបញ្ចាំងពីមិត្តភាពជាប្រពៃណីដ៏ជ្រាលជ្រៅ រវាងរដ្ឋសង្គមនិយមជិតខាងទាំង២។

ជាមួយគ្នានេះ មេដឹកនាំចិន បានសង្កត់ធ្ងន់ថា រូបលោក និងលោក គីម បានពិភាក្សាយ៉ាងទូលំទូលាយ ជុំវិញបញ្ហានានាដែលមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងសម្រេចបាននូវកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន។ លោក ស៊ី បានបន្ថែមថា លោកពេញចិត្តនឹងលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ហើយបានបង្ហាញនូវទំនុកចិត្ត ដែលថា ចំណងមិត្តភាព រវាងទីក្រុងប៉េកាំង និងព្យុងយ៉ាង បានឈានចូលដល់ «ដំណើរប្រវត្តិសាស្ត្រថ្មីមួយ»។
គួរបញ្ជាក់ថា លោក ស៊ី បានវិលត្រឡប់ទៅទីក្រុងប៉េកាំងវិញនៅថ្ងៃអង្គារ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋដ៏កម្ររយៈពេល ២ថ្ងៃ នៅទីក្រុងព្យុងយ៉ាង ជាកន្លែងដែលលោក និងលោក គីម បានប្រកាសថា នឹងពង្រឹងចំណងមិត្តភាពទ្វេភាគី និងជំរុញទំនាក់ទំនងឲ្យទៅដល់អ្វីដែលលោក ស៊ី បានពិពណ៌នាថា ជា «យុគសម័យថ្មី»។ ហើយនេះក៏ជាដំណើរទស្សនកិច្ចដំបូងផងដែររបស់លោក ស៊ី ទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេលជិត ៧ឆ្នាំ៕

