ប្រទេសចិន និងកោះតៃវ៉ាន់ នៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះ បានតវ៉ាគ្នា ជុំវិញភាពស្របច្បាប់នៃការល្បាតរបស់ឆ្មាំសមុទ្រចិន នៅភាគខាងកើតនៃកោះនេះ បន្ទាប់ពីរដ្ឋបាលទីក្រុងតៃប៉ិ បានបញ្ជាក់ថា នាវាពាណិជ្ជកម្ម ត្រូវបាន «រំខាន» នៅជិតដែនទឹករបស់ខ្លួន។

ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថា ជាទឹកដីរបស់ខ្លួន បានមានការខឹងសម្បា បន្ទាប់ពីជប៉ុន និងហ្វីលីពីន បានលើកឡើងកាលពីខែឧសភាថា ពួកគេនឹងចាប់ផ្តើមការចរចាជាផ្លូវការ ស្ដីពីការកំណត់ព្រំដែនសមុទ្ររបស់ពួកគេ ដោយមើលឃើញថា មានពាក់ព័ន្ធនឹងដែនទឹកនៅម្ដុំកោះតៃវ៉ាន់។

កាលពីថ្ងៃយប់ទី៦ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា នាវាត្រូវបានបញ្ជូនទៅធ្វើ «ប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវសមុទ្រពិសេស» នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់ជប៉ុន និងហ្វីលីពីន។
តែកោះតៃវ៉ាន់បានឲ្យដឹងថា នាវាទាំងនោះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បាន «រំខាន» ការដឹកជញ្ជូនពាណិជ្ជកម្ម ដោយស្នើសុំព័ត៌មាន អំពីចំណុចចេញដំណើរ និងគោលដៅរបស់នាវាទាំងនោះ ហើយអះអាងយុត្តាធិការ។
អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន លោកស្រី Zhang Han បាននិយាយនៅទីក្រុងប៉េកាំងថា៖ «ការល្បាតអនុវត្តច្បាប់របស់អាជ្ញាធរដីគោកពាក់ព័ន្ធ នៅក្នុងដែនទឹកពាក់ព័ន្ធ គឺជាវិធានការដ៏ត្រឹមត្រូវមួយ ដើម្បីការពារអធិបតេយ្យភាពជាតិ សិទ្ធិ និងផលប្រយោជន៍សមុទ្រ»។
លោកស្រីបានបញ្ជាក់បន្ថែមថា ឆ្មាំល្បាតឆ្នេរចិន កំពុងធ្វើ «ការល្បាតអនុវត្តច្បាប់» នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ស្របតាមច្បាប់ ហើយប្រទេសចិននឹងបន្តពង្រឹងការគ្រប់គ្រងរបស់ខ្លួន លើដែនទឹកទាំងនោះ។
យ៉ាងណាក្ដី អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងតៃប៉ិ នាថ្ងៃទី១០ ខែមិថុនានេះ អាជ្ញាធរការបរទេសកោះតៃវ៉ាន់ លោក Lin Chia-lung បាននិយាយថា ប្រទេសចិនកំពុង «ប្រើប្រាស់អ្វីដែលហៅថា «ការអនុវត្តច្បាប់» ជាលេស ដើម្បីបន្តពង្រីកឥទ្ធិពល៕