រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បាននិយាយនៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះថា លោកស្រីមានបំណងជួបជាមួយក្រុមជនជាតិភាគតិចមកពីសហភាពមីយ៉ាន់ម៉ា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបានដឹងអំពីស្ថានភាព និងស្វែងរកដំណោះស្រាយ។

នៅក្នុងវេទិកាមួយដែលរៀបចំដោយក្រុមហ៊ុន Nikkei ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន លោកស្រី Lazaro បានលើកឡើងថា៖ «ខ្ញុំមានបំណងជួបជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន និងស្វែងយល់ពីស្ថានភាព និងរបៀបដែលយើងពិតជាអាចព្យាយាមជួយបាន»។
ប្រទេសហ្វីលីពីន គឺជាប្រធានអាស៊ាន (ASEAN) នៅឆ្នាំ២០២៦ ហើយប្រធានាធិបតី លោក Ferdinand Marcos Jr បានតែងតាំងលោកស្រី Lazaro ជាបេសកជនពិសេសរបស់លោក ប្រចាំសហភាពមីយ៉ាន់ម៉ា។
លោកស្រី Lazaro មិនបានបញ្ជាក់ថា តើលោកស្រីនឹងជួបជាមួយអ្នកណា ហើយកិច្ចប្រជុំនេះនឹងត្រូវធ្វើឡើងនៅទីណានោះទេ។ លោកស្រី Lazaro គ្រាន់តែបានប្រាប់ថា៖ «យើងនឹងរង់ចាំមើលថា តើវាដំណើរការយ៉ាងដូចម្តេច»។
គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាត្រូវបានរួបរឹតដោយជម្លោះ ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ត្រូវបានបង្ក្រាបយ៉ាងឃោរឃៅដោយយោធា ដែលបង្កឲ្យមានសង្គ្រាមស៊ីវិល ពាក់ព័ន្ធនឹងក្រុមឧទ្ទាមជាច្រើនដែលមានសម្ព័ន្ធភាពមិនសូវរឹងមាំជាមួយគ្នា។
ចាប់តាំងពីពេលនោះមក ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាត្រូវបានហាមឃាត់មិនឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បាននិយាយថា រដ្ឋាភិបាលថ្មីរបស់លោក នឹងខិតខំធ្វើឲ្យទំនាក់ទំនងជាមួយអាស៊ានមានប្រក្រតីភាពឡើងវិញ៕


