យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី៩ ខែមិថុនា ឆ្នាំ២០២៦) បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារ លើអ៊ីរ៉ង់ បន្ទាប់ពីឧទ្ធម្ភាគចក្រ Apache របស់កងទ័ពអាមេរិក បានធ្លាក់នៅឯឆ្នេរសមុទ្រអូម៉ង់ ដែលលោកប្រធានាធិបតី Donald Trump បានដាក់ការទទួលខុសត្រូវទៅលើសាធារណរដ្ឋឥស្លាម ដោយបង្កឲ្យមានការវាយប្រហារជាបន្តបន្ទាប់ដោយអ៊ីរ៉ង់ លើគោលដៅរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា ការវាយប្រហារទាំងនេះ នឹងជា «ការឆ្លើយតបសមាមាត្រទៅនឹងការឈ្លានពានមិនសមហេតុផលរបស់អ៊ីរ៉ង់»។ ការវាយប្រហារទាំងនេះបានកើតមានបន្ទាប់ពីលោក Trump បានស្តីបន្ទោសអ៊ីរ៉ង់ថា បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ ហើយបានសន្យាថា សហរដ្ឋអាមេរិកនឹងឆ្លើយតប។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា សំឡេងផ្ទុះត្រូវបានឮនៅលើកោះមួយរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ Hormuz។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ដដែល បានឲ្យដឹងទៀតថា ជាការឆ្លើយតប ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានប្រាប់ថា ខ្លួនបានចាប់ផ្ដើមវាយប្រហារដោយមីស៊ីល ដោយកំណត់គោលដៅទីតាំងចំនួន ៤ នៅមូលដ្ឋាន al-Azraq របស់សហរដ្ឋអាមេរិក ក្នុងប្រទេសហ្ស៊កដានី ដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយ។ តែទាំងហ្ស៊កដានី និងសហរដ្ឋអាមេរិក មិនបានទទួលស្គាល់ថា មានការវាយប្រហារណាមួយដែលកំណត់គោលដៅលើហ្ស៊កដានីភ្លាមៗឡើយ។
យ៉ាងណាក្ដី កងឆ្មាំបដិវត្តន៍បានបន្ថែមថា គោលដៅទាំងនោះ រួមមានឃ្លាំងយន្តហោះចម្បាំង F-35 និងមជ្ឈមណ្ឌលបញ្ជាការ និងត្រួតពិនិត្យ ហើយបានព្រមានថា ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារបន្ថែមទៀតរបស់សហរដ្ឋអាមេរិក។
យោងតាមមន្ត្រីអាមេរិកម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ Apache បានធ្លាក់បន្ទាប់ពីបានបុកជាមួយយានដ្រូនរបស់អ៊ីរ៉ង់។ គេមិនច្បាស់នោះទេថា តើការបុកគ្នានេះ កើតឡើងដោយចេតនាដែរ ឬអត់ ហើយសេចក្តីថ្លែងការណ៍ផ្លូវការ គ្រាន់តែបញ្ជាក់ថា ការធ្លាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕


