យោធាកោះតៃវ៉ាន់ បានបាញ់ប្រព័ន្ធរ៉ូកែត HIMARS ថ្មី ដែលត្រូវបានសាកល្បងក្នុងសមរភូមិ កាលពីថ្ងៃពុធ ទី១០ ខែមិថុនា ដោយប្រដូចការវាយប្រហារទៅលើកងកម្លាំងចិនដែលចូលក្រសោបយកដែនដី ខណៈបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការ «ប្រយុទ្ធចល័ត» ដើម្បីបញ្ចៀសការវាយប្រហារប្រឆាំងនិងបង្កើនភាពធន់ក្នុងសង្គ្រាម។
តៃវ៉ាន់ បានសាកល្បងបាញ់ប្រព័ន្ធរ៉ូកែតចល័តទីរហ័សប្រភេទអាវុធស៊ីបគោលដៅ ផលិតដោយក្រុមហ៊ុន Lockheed Martin ឬHIMARS ជាលើកដំបូងកាលពីឆ្នាំមុន នៅជិតឆ្នេរភាគខាងកើតរបស់ខ្លួន ហើយកាលពីថ្ងៃពុធ ជាលើកដំបូងដែលប្រព័ន្ធនេះត្រូវបានបាញ់ចេញពីឆ្នេរភាគខាងលិច ទល់មុខប្រទេសចិន នៅតំបន់កោះថៃជុង(Taichung) កោះតៃវ៉ាន់ភាគកណ្តាល។

រដ្ឋាភិបាលកោះតៃវ៉ាន់ កំពុងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ដោយបន្ថែមអាវុធថ្មីៗ និងចល័ត កាន់តែច្រើន ប៉ុន្តែក៏បានបណ្តុះបណ្តាល ដូចជាស្ថានភាពដែលកងទ័ពប្រឈមក្នុងការប្រយុទ្ធជាក់ស្តែង។
HIMARS គឺជាប្រព័ន្ធវាយប្រហារដ៏សំខាន់មួយរបស់អ៊ុយក្រែន ហើយត្រូវបានប្រើប្រាស់ច្រើនលើកក្នុងអំឡុងសង្គ្រាមជាមួយរុស្ស៊ី។ ដោយបាញ់បានក្នុងចម្ងាយប្រហែល៣០០គីឡូម៉ែត្រ មីស៊ីល HIMARS អាចវាយប្រហារដល់គោលដៅឆ្នេរនៅក្នុងខេត្ត Fujian ភាគខាងត្បូងប្រទេសចិន នៅត្រើយម្ខាងនៃច្រកសមុទ្រតៃវ៉ាន់។
