ក្រុមមន្ត្រីបានប្រកាសនៅថ្ងៃពុធ ១០ មិថុនាសប្ដាហ៍នេះ ថា អាកាសយានដ្ឋានថ្មីរបស់ទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី ដែលចាយថវិកាអស់ ៥,៦ពាន់លានដុល្លារអូស្ត្រាលី ឬស្មើ ៣,៦ពាន់លានដុល្លារអាមេរិក នឹងបើកដំណើរការទទួលអ្នកដំណើរនៅក្នុងខែតុលាខាងមុខនេះហើយ ក្រោយការសិក្សាពីគម្រោងសាងសង់អស់រយៈពេលជាង១០ឆ្នាំ ដែលនឹងបន្ថែមជម្រើសជើងហោះហើរពីទីក្រុងធំបំផុតរបស់អូស្ត្រាលីមួយនេះ ខណៈមជ្ឈមណ្ឌលដែលមានស្រាប់ដំណើរការក្រោមការរឹតបន្តឹងបម្រាមគោចរពេលយប់។

អាកាសយានដ្ឋានបច្ចុប្បន្ន ដែលមានទីតាំងនៅជិតសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុងស៊ីដនី អាចទទួលការហោះឡើង និងចុះចតបានតែរហូតដល់ម៉ោង ១១ យប់ និងក្រោយម៉ោង ៦ ព្រឹក ដោយសារតែបទប្បញ្ញត្តិសំឡេងរំខានដ៏តឹងរ៉ឹង ដែលកំណត់ជម្រើសកាលវិភាគរបស់ក្រុមហ៊ុនអាកាសចរណ៍ទាក់ទងទៅនឹងទីក្រុងធំៗផ្សេងទៀតរបស់ប្រទេសអូស្ត្រាលីដូចជាទីក្រុងមែលប៊នជាដើម។
ប៉ុន្តែអាកាសយានដ្ឋានថ្មី Western Sydney Airport នៅតំបន់ជាយក្រុង Badgerys Creek ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ពីទីក្រុងស៊ីដនីភាគខាងលិច នឹងដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ ដែលផ្តល់ឱ្យក្រុមហ៊ុនអាកាសចរណ៍នូវសិទ្ធិចូលទៅកាន់មជ្ឈមណ្ឌលមានប្រជាជនច្រើន ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានជាតិសាសន៍ចម្រុះ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នាយកប្រតិបត្តិអាកាសយានដ្ឋាន លោក Simon Hickey បាននិយាយថា អាកាសយានដ្ឋាន Western Sydney Airport ត្រូវបានបង្កើតឡើង ដើម្បីពង្រីកឲ្យស្មើនឹងទំហំអាកាសយានដ្ឋាន Heathrow របស់អង់គ្លេស ប៉ុន្តែនោះនឹងត្រូវការពេលច្រើនទសវត្សរ៍ទៀត៕

