ក្រុមហ៊ុនពាណិជ្ជកម្មមួយ នៅរដ្ឋ Florida កំពុងស្ថិតក្នុងការចរចាដ៏រីកចម្រើន ដើម្បីបញ្ជូនប្រេងឥន្ធនៈដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសគុយបា ចាប់តាំងពីរដ្ឋបាលរបស់លោកប្រធានាធិបតី (Dwight D.) Eisenhower ខណៈដែលប្រទេសកោះនេះ កំពុងប្រឹងប្រែងយ៉ាងលំបាក ក្នុងការដោះស្រាយជាមួយវិបត្តិថាមពលធ្ងន់ធ្ងរ។
ប្រធានក្រុមហ៊ុន លោក Matthew Klann បាននិយាយថា ក្រុមហ៊ុន Vanguard Energy បានបញ្ជូនការដឹកជញ្ជូនប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងចំនួនតិចតួចទៅកាន់គុយបារួចហើយ ហើយឥឡូវនេះ កំពុងត្រៀមពង្រីកបរិមាណ។ ថ្មីៗនេះ ក្រុមហ៊ុនបានជួលធុងស្តុកប្រេង នៅក្នុងប្រទេសគុយបា ខណៈចាត់វិធានការនាំចេញប្រេងម៉ាស៊ូត និងប្រេងសាំងចំនួន ២៥០.០០០បារ៉ែល។ ហើយលោក Klann បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ប្រេងឥន្ធនៈត្រូវបានកំណត់សម្រាប់តែវិស័យឯកជន មិនមែនស្ថាប័នរដ្ឋឡើយ។
ប្រសិនបើកើតឡើងពិតមែន វានឹងក្លាយជាទំនិញប្រេងឥន្ធនៈដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ដែលធ្វើដំណើរទៅគុយបា គិតចាប់តាំងពីរដ្ឋបាលរបស់លោក Eisenhower បានបញ្ឈប់ពាណិជ្ជកម្មភាគច្រើនជាមួយកោះនេះ ដើម្បីសងសឹក ចំពោះការរឹបអូសធនធានចម្រាញ់ប្រេងរបស់អាមេរិក ដោយរបបលោក Fidel Castro ក្នុងឆ្នាំ១៩៦០។
ក្រសួងរតនាគារ និងក្រសួងការបរទេសសហរដ្ឋអាមេរិកមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញផែនការរបស់ក្រុមហ៊ុន Vanguard នេះ។ ហើយស្ថានទូតគុយបា នៅទីក្រុងវ៉ាស៊ីនតោន និងក្រសួងការបរទេសគុយបា ដែលទទួលបន្ទុកដោះស្រាយការសាកសួរព័ត៌មានអន្តរជាតិ ក៏មិនឆ្លើយតបភ្លាមៗនោះដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីមានការចាប់ខ្លួនមេដឹកនាំនៃប្រទេសវ៉េណេស៊ុយអេឡា ដែលជាអ្នកគាំទ្រដ៏សំខាន់របស់គុយបា កាលពីខែមករា ការដឹកជញ្ជូនថាមពលរបស់អាមេរិកទៅកាន់កោះនេះ ត្រូវបាននាំមុខដោយកិច្ចប្រឹងប្រែងមនុស្សធម៌ និងសហគ្រាសឯកជន៕

