ស្ថាប័នត្រួតពិនិត្យអាកាសធាតុរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ពិភពលោកបានជួបប្រទះនឹងខែឧសភាក្តៅបំផុតជាលើកទី២ ដោយអឺរ៉ុបរងឥទ្ធិពលពីរលកកម្ដៅលឿនខុសពីធម្មតា ខណៈដែលបម្រែបម្រួលអាកាសធាតុបានក្លាយជា «ស្ថានភាពធម្មតាថ្មី» នៅទ្វីបអឺរ៉ុប។

កំណត់ត្រាត្រូវបានបំបែក នៅក្នុងប្រទេសអង់គ្លេស បារាំង អៀរឡង់ និងព័រទុយហ្គាល់ ក្នុងខែឧសភា ខណៈដែលខ្យល់ក្តៅបក់ពីអាហ្វ្រិកខាងជើង បានជំរុញឲ្យសីតុណ្ហភាពឡើងខ្ពស់ជាងកម្រិតធម្មតា នៅទូទាំងអឺរ៉ុបខាងលិច។
ទីភ្នាក់ងារតាមដានបម្រែបម្រួលអាកាសធាតុ Copernicus បានឲ្យដឹងនៅក្នុងព្រឹត្តិបត្រខែឧសភារបស់ខ្លួនថា៖ «ខែនេះត្រូវបានសម្គាល់ដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីអាកាសធាតុត្រជាក់ជាងមធ្យម ទៅជារលកកម្ដៅក្ដៅខ្លាំងបំផុតមិនធ្លាប់មាន នាដើមឆ្នាំនេះ នៅអឺរ៉ុបខាងលិច»។
អ្នកដឹកនាំយុទ្ធសាស្ត្រ សម្រាប់អាកាសធាតុ នៅឯមជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការព្យាករអាកាសធាតុកម្រិតមធ្យម (ECMWF) ដែលដំណើរការទីភ្នាក់ងារ Copernicus គឺលោកស្រី Samantha Burgess បាននិយាយថា៖ «រលកកម្ដៅលឿន និងខ្លាំងខុសពីធម្មតា បង្ហាញថា តើបម្រេបម្រួលអាកាសធាតុ កំពុងក្លាយជាស្ថានភាពធម្មតាថ្មីយ៉ាងឆាប់រហ័ស មិនមែនជាករណីកើតឡើងដោយកម្រឡើយ»។
ស្ថាប័ន Copernicus បានបញ្ជាក់ថា សីតុណ្ហភាពជាក់ស្ដែង បានឡើងដល់ ៣៥អង្សាសេ ទៅ ៤០អង្សាសេ នៅទូទាំងតំបន់ធំៗនៃទ្វីបអឺរ៉ុប ហើយនៅទូទាំងពិភពលោក សីតុណ្ហភាពខ្យល់ជាមធ្យមលើផ្ទៃផែនដី បានឡើងដល់ ១៥,៨១អង្សាសេ ដែលជាប់លំដាប់ទី ២ បន្ទាប់ពីខែឧសភា ឆ្នាំ២០២៤៕


