រុស្ស៊ីនៅថ្ងៃពុធនេះបានថ្កោលទោសចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការអនុញ្ញាតឲ្យនាវាយោធាសហភាពអឺរ៉ុបនៅសមុទ្រមេឌីទែរ៉ាណេឃាត់និងត្រួតពិនិត្យនាវាបរទេសដែលសង្ស័យថា ជាផ្នែកមួយនៃ «កងនាវាស្រមោល» ដែលដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ហើយបាននិយាយថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ និងចំណាត់ការចាំបាច់ផ្សេងទៀតទាំងអស់ ដើម្បីការពារពួកវា។
សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានពង្រីកអាណត្តិនៃប្រតិបត្តិការ IRINI ដែលជាបេសកកម្មកងទ័ពជើងទឹករបស់ខ្លួន នៅសមុទ្រមេឌីទែរ៉ាណេ ដែលដើមឡើយត្រូវបានបង្កើតឡើង ដើម្បីអនុវត្តការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិលើប្រទេសលីប៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា វិធានការនេះ បានបង្កការគំរាមកំហែងដល់សន្តិសុខសមុទ្រ និងបានចោទប្រកាន់សហភាពអឺរ៉ុបពីបទគំរាមកំហែងដល់នាវា ស៊ីវិល។
លោកស្រីបាននិយាយថា មិនមានអ្វីដូចនៅក្នុងច្បាប់អន្តរជាតិថា ជា «កងនាវាស្រមោល» ទេ ហើយការលើកឡើងនេះ គឺជា «យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត» របស់សហភាពអឺរ៉ុប៕

