អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បាននិយាយថា លោកមានការព្រួយបារម្ភជាខ្លាំងចំពោះការកើនឡើងថ្មីអំពើហិង្សានៅតំបន់មជ្ឈិមបូព៌ា ហើយលោកបានអំពាវនាវផងដែរឲ្យអ៊ីស្រាអែលបើកច្រកឆ្លងកាត់ឡើងវិញនៅតំបន់ហ្កាហ្សា ។

ប្រមុខ UNរូបនេះ និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ការវាយប្រហារទាំងអស់ត្រូវតែបញ្ឈប់ជាបន្ទាន់ ។ បទឈប់បាញ់នៅលីបង់ អ៊ីរ៉ង់ និងហ្កាហ្សា ត្រូវតែគោរពឲ្យបានខ្ជាប់ខ្ជួនបំផុត ។
អ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែមេសា ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលលើអ៊ីស្រាអែល ជាការសងសឹងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីបេរូត របស់លីបង់ ។
ខណៈពេលនោះដែរ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ពួកគេបានបើកការវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិក នៅប្រទេសហ៊្សកដានី និងគោលដៅ ២១កន្លែងផ្សេងទៀតនៅតំបន់ឈូងសមុទ្រនាថ្ងៃពុធនេះ ជាការសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅជុំវិញច្រកសមុទ្រ Hormuz ។
ពួកគេបន្តថា មីស៊ីលរបស់ខ្លួនបានវាយប្រហារ និងបំផ្លាញគោលដៅសំខាន់ៗចំនួន ៤កន្លែងនៅមូលដ្ឋានទ័ពសហរដ្ឋអាមេរិក រួមទាំងទីតាំងរក្សាទុកយន្តហោះចម្បាំង F-35 ផងដែរ ។
លោក Guterres និយាយដែរថា អ៊ីស្រាអែលគួរតែបើកច្រកឆ្លងកាត់ព្រំដែនដែលពួកគេបានបិទនៅតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតឲ្យមានលំហូរចូលជំនួយមនុស្សធម៌ ។
លោកថា លោកពិតជាមានការព្រួយបារម្ភខ្លាំងណាស់ចំពោះការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការបិទច្រកឆ្លងកាត់ចូលទៅក្នុងតំបន់ហ្កាហ្សា ហើយលោកសូមបញ្ជាក់ជាថ្មីម្តងទៀតការអំពាវនាវរបស់លោកឲ្យមានការបើកឡើងវិញជាបន្ទាន់នូវច្រកឆ្លងកាត់ទាំងអស់ ដើម្បីធានាថា ជំនួយមនុស្សធម៌មាននៅតំបន់ហ្កាហ្សា ៕
