ប្រធានាធិបតីទួរគីលោក Tayyip Erdogan និយាយនៅថ្ងៃពុធនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរី និងប្រទេសលីបង់ បានឈានដល់ចំណុចមួយជាទីដែលពួកគេបានគំរាមកំហែងទួរគីផងដែរ ហើយការឈ្លានពានរបស់អ៊ីស្រាអែល ក្លាយជាការគំរាមកំហែងមួយដល់ពិភពលោកទាំងមួយ ហើយទង្វើបែបនេះ ត្រូវតែបញ្ឈប់ភ្លាម ។
លោក Erdogan បាននិយាយប្រាប់សមាជិកសភាមកពីគណបក្សកាន់អំណាច AK របស់លោកថា ការវាយប្រហាររបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងបណ្តាញឃាតកររបស់លោកលើលីបង់ និងស៊ីរី បាននាំបញ្ហាឈានដល់ចំណុចមួយដែលគំរាមកំហែងផងដែរដល់ទួរគី ។
ទួរគីដែលជាសមាជិករបស់អង្គការណាតូ ធ្លាប់ជាអ្នករិះគន់ឥតសំចៃមាត់មួយលើការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ តំបន់ហ្កាហ្សា និងលីបង់ ដោយពួកគេនិយាយថា អ៊ីស្រាអែល គឺជាឧបសគ្គធំបំផុតចំពោះសន្តិភាពក្នុងតំបន់ ។
ប្រទេសមួយនេះ បានបញ្ឈប់ពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល ហើយនិងអំពាវនាវឲ្យមានវិធានការប្រឆាំងនឹងពួកគេនៅតុលាការអន្តរជាតិ ៕