ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងផ្នែកការទូតអន្តរជាតិដែលកំពុងបន្ត ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកបន្ថែមទៀត លើគោលដៅ នៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។
នៅក្នុងសារវីដេអូមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baqaei បានលើកឡើងថា៖ «ជារឿងគួរឲ្យសោកស្ដាយណាស់ សហរដ្ឋអាមេរិកកំពុងធ្វើឲ្យខូចដល់ដំណើរការការទូតនេះ តាមរយៈសារផ្ទុយដែលខ្លួនផ្ញើមក ការផ្លាស់ប្តូរជំហរ និងការទាមទារម្តងហើយម្តងទៀត និងអ្វីដែលអាក្រក់បំផុតនោះ គឺតាមរយៈការរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត»។
លោកបានបន្ថែមថា៖ «ដំណើរការការទូតណាមួយ ត្រូវបានខូចខាតដោយការប្រើប្រាស់កម្លាំង និងដោយការងាកទៅរកការប្រើប្រាស់វិធានការខុសច្បាប់ លើទីតាំងជាក់ស្ដែង»។
គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនាព្រឹកថ្ងៃពុធនេះ យោធាអាមេរិកបានឲ្យដឹងថា ខ្លួនបាន «បញ្ចប់» ការវាយប្រហារសងសឹក លើអ៊ីរ៉ង់ ជុំវិញការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រវាយប្រហារមួយគ្រឿង។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) ដែលត្រួតពិនិត្យកងកម្លាំងអាមេរិក នៅតំបន់មជ្ឈិមបូព៌ា បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា ខ្លួនបាន «បញ្ចប់ការវាយប្រហារការពារខ្លួនប្រឆាំងនឹងអ៊ីរ៉ង់» ហើយ៕