គណបក្សបានប្រកាសនៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) ថា លោក Benjamin Netanyahu នឹងស្វែងរកការជាប់ឆ្នោតឡើងវិញ នៅឆ្នាំនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនប្រាកដនោះឡើយថា តើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងឈរឈ្មោះម្តងទៀតដែរ ឬអត់។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ គណបក្ស Likud បានឲ្យដឹងថា លោក Netanyahu នឹងឈរឈ្មោះនៅក្នុងការបោះឆ្នោត ហើយប្រសិនបើព្រះជាម្ចាស់ប្រទានពរ លោកនឹងឈ្នះការប្រកួតប្រជែងនេះ។ ការបោះឆ្នោតនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែត្រូវតែធ្វើឡើងនៅខែតុលា។
នៅមុននេះ លោក Jonathan Karl អ្នកឆ្លើយឆ្លងព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ ABC News ប្រចាំទីក្រុងវ៉ាស៊ីនតោន បានបង្ហោះនៅលើបណ្ដាញសង្គម X ថា លោក Trump បានប្រាប់លោកថា ខ្លួនលោកផ្ទាល់មិនដឹងនោះទេថា តើលោក Netanyahu នឹងឈរឈ្មោះដែរ ឬអត់។ អ្នកសារព័ត៌មានរូបនេះ បានដកស្រង់សម្តីរបស់លោក Trump ដែលបាននិយាយថា៖ «ខ្ញុំមិនដឹងនោះទេ គាត់ (លោក Netanyahu) មានអាជីពដ៏អស្ចារ្យ។ តើគាត់ចង់បន្តដែរ ឬអត់?»។
គួរបញ្ជាក់ថា ការបោះឆ្នោតរបស់អ៊ីស្រាអែល នឹងក្លាយជាដំណើរការលើកដំបូង គិតចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយនេះគឺជាការបរាជ័យផ្នែកសន្តិសុខដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ខណៈដែលហេតុការណ៍នោះបានបង្កឲ្យមានការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា៕