ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់នៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះថា អ៊ីរ៉ង់បានចំណាយពេលយូរពេកហើយ ក្នុងការចរចាកិច្ចព្រមព្រៀង ដើម្បីបញ្ចប់អរិភាព រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ ដោយព្រមានថា ប្រទេសនេះ «នឹងត្រូវប្រឈមជាមួយផលវិបាក»។
លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកថា៖ «យោធាអ៊ីរ៉ង់ ស្ថិតនៅក្នុងភាពរញ៉េរញ៉ៃគ្រប់យ៉ាង។ ភាគច្រើន ដូចជាកងទ័ពជើងទឹក និងកងទ័ពអាកាសរបស់ពួកគេ លែងមានទៀតហើយ ពោលគឺពួកគេត្រូវរងបរាជ័យទាំងស្រុង។ អ៊ីរ៉ង់គ្រាន់តែនិយាយប៉ុណ្ណោះ តែគ្មានសកម្មភាពអ្វីទេ»។
លោកបានបន្ថែមថា៖ «ក្រុមសម្លុតកំហែងនៃតំបន់មជ្ឈិមបូព៌ា បានស្លាប់បាត់ហើយ!!! ពួកគេបានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀងដែលនឹងល្អសម្រាប់ពួកគេ ឥឡូវនេះ ពួកគេនឹងត្រូវទទួលផលវិបាក!!!»។
គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក បានកើតឡើងបន្ទាប់ពីការវាយប្រហារតគ្នា ពេញមួយយប់ រវាងកងកម្លាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលបានកើតឡើងបន្ទាប់ពីមានភាពតានតឹងប្រែប្រួលឡើងចុះជាច្រើនថ្ងៃ នៅក្នុងតំបន់ ក្នុងអំឡុងពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់បានវាយប្រហារគ្នាដោយយោធា មុនពេលផ្អាកទៅវិញ៕