ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះថា វត្តមានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅទីក្រុង Ankara នាខែក្រោយ នឹងក្លាយជាពេលវេលាដ៏សំខាន់មួយ សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្តយោធានេះ។
មេដឹកនាំទួរគីបានប្រាប់សមាជិកសភាមកពីគណបក្សកំពុងកាន់អំណាច AKP របស់លោកថា៖ «ការប្រកាស ដែលថា ប្រធានាធិបតីអាមេរិក Trump នឹងចូលរួមកិច្ចប្រជុំកំពូលដោយផ្ទាល់ គឺជាជំហានដ៏សំខាន់មួយ ទាក់ទងនឹងស្ថិរភាពរបស់សម្ព័ន្ធមិត្ត»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបញ្ជាក់ថា លោក Trump នឹងចូលរួមកិច្ចប្រជុំកំពូលថ្ងៃទី ៧-៨ ខែកក្កដា នៅរដ្ឋធានីរបស់ប្រទេសទួរគី ខណៈដែលក្តីបារម្ភ នៅតែមាន អំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិកមួយនេះ។
លោក Erdogan បានបន្ថែមថា ប្រទេសទួរគី បានពង្រឹងការរៀបចំរបស់ខ្លួន «ដើម្បីធានាឲ្យបានថា កិច្ចប្រជុំកំពូល Ankara ក្លាយជាពេលវេលាដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររបស់អង្គការណាតូ»។
ទំនាក់ទំនងក្នុងសម្ព័ន្ធភាពនេះ បានស្ថិតនៅក្នុងភាពអាប់អួយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ រដ្ឋាភិបាលអឺរ៉ុបបានបដិសេធមិនចូលរួមនៅក្នុងសង្គ្រាមនេះ ដែលក៏ត្រូវបានជំទាស់ដោយទួរគីផងដែរ ដោយទីក្រុង Ankara កំពុងខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានេះ៕