ទីក្រុងគីវនិយាយនៅថ្ងៃពុធនេះថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហារទីតាំងសំខាន់ៗជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី នៅក្នុងការវាយប្រហារមួយដែលបានកំហិតសមត្ថភាពរបស់ពួកគេ ជាមជ្ឈមណ្ឌលភស្តុភារដ៏សំខាន់សម្រាប់កិច្ចខិតខំធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ ។
យោងតាមការអះអាងរបស់កងកម្លាំងយានដ្រូនអ៊ុយក្រែន បានឲ្យដឹងថា កំពង់ផែមួយនេះ គ្មានថាមពលប្រើប្រាស់នោះទេ ក្រោយការវាយប្រហារ លើប្រព័ន្ធថាមពល និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កំពង់ផែ Mariupol ត្រូវបានប្រើប្រាស់ដោយសត្រូវសម្រាប់ភស្តុភារយោធា ក៏ដូចជាការនាំចេញខុសច្បាប់គ្រាប់ធុញ្ញជាតិ ធ្យូងថ្ម និងលោហៈអ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី ។ សមត្ថភាពរបស់សត្រូវ ប្រើប្រាស់កំពង់ផែ Mariupol ជាមជ្ឈមណ្ឌលភស្តុភារ ត្រូវបានកំហិតយ៉ាងខ្លាំង ។
សូមបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃអង្គារ គឺជាផ្នែកមួយនៃយុទ្ធនាការកើនឡើងរបស់អ៊ុយក្រែន ដើម្បីវាយប្រហារគោលដៅភស្តុភារយោធារុស្ស៊ី នៅក្រោយជួរមុខ និងជាកិច្ចខិតខំមួយដែលក្រុមអ្នកវិភាគនិយាយថា បានរារាំងដល់ការរុលចូលសមរភូមិមុខរបស់ទីក្រុងមូស្គូ ៕