ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) លោក Volker Turk បាននិយាយនៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការិយាល័យសិទ្ធិមនុស្ស UN នឹងដាក់ពង្រាយក្រុមអ្នកស៊ើបអង្កេត នៅលីបង់ នាសប្តាហ៍ក្រោយ ដើម្បីវាយតម្លៃលទ្ធភាពដែលអាចមានការរំលោភបំពានច្បាប់អន្តរជាតិដោយភាគីទាំងអស់ អំឡុងសង្គ្រាមបច្ចុប្បន្ននៅក្នុងប្រទេសនេះ។
ប្រទេសលីបង់ត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះមជ្ឈិមបូព៌ា កាលពីថ្ងៃទី២ ខែមីនា នៅពេលដែលកងជីវពលក្រុមហេបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បានបាញ់រ៉ូកែតចូលទៅអ៊ីស្រាអែល ដើម្បីជាការបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់ ដែលស្ថិតនៅក្រោមការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដោយការធ្វើបែបនោះបានជំរុញឲ្យមានយុទ្ធនាការដ៏ធំតាមផ្លូវអាកាស និងគោករបស់អ៊ីស្រាអែល។
លោក Turk បាននិយាយថា៖ «នេះជាលើកដំបូងដែលយើងកំពុងបញ្ជូនបេសកកម្មវាយតម្លៃនេះ ហើយគំនិតនេះ គឺពិតជាដើម្បីពិនិត្យមើលការរំលោភបំពានពីគ្រប់ភាគី ដែលមានការរំលោភច្បាប់អន្តរជាតិ ការរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងដើម្បីកត់ត្រារឿងនេះ និងនៅទីបំផុត ដើម្បីរាយការណ៍មកអ្នកវិញ អំពីការរកឃើញរបស់យើង»។
គួរបញ្ជាក់ថា មនុស្សជាង ៣.៦០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើលីបង់ ហើយប្រជាជនលីបង់ជាង ១លាននាក់ ត្រូវបានផ្លាស់ទីលំនៅ។ សហរដ្ឋអាមេរិកបានប្រកាសបទឈប់បាញ់នៅថ្ងៃទី១៦ ខែមេសា ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្តមាន ហើយប្រទេសលីបង់ បញ្ជាក់ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារជិត ៣.៥០០ដង ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស៕