នៅថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) នេះ ចិនបានរិះគន់កញ្ចប់ទណ្ឌកម្មថ្មីដែលត្រូវបានស្នឡើងរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៊ី ដែលអាចកំណត់គោលដៅលើអង្គភាព នៅក្នុងប្រទេសទី៣ ក្នុងនោះរួមមានទាំងចិនផងដែរ។
ការឆ្លើយតបនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបង្ហាញកញ្ចប់ទណ្ឌកម្មលើកទី២១ របស់ EU ប្រឆាំងនឹងរុស្ស៊ី ដែលរួមមានវិធានការកំណត់គោលដៅលើធនាគារ ក្រុមហ៊ុនគ្រីបតូ និងពាណិជ្ជករប្រេង នៅក្នុងប្រទេសទី៣ ដែលត្រូវបានចោទប្រកាន់ថា បានជួយទីក្រុងមូស្គូគេចពីការរឹតបន្តឹងដែលមានស្រាប់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ទីក្រុងប៉េកាំងប្រឆាំងនឹងទណ្ឌកម្មដែលដាក់ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
លោក Lin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា៖ «ប្រទេសចិនតែងតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលខ្វះមូលដ្ឋានច្បាប់អន្តរជាតិ និងការអនុញ្ញាតពី UNSC»។ លោកបានបន្ថែមថា៖ «ប្រទេសចិននឹងតាមដានយ៉ាងដិតដល់នូវការវិវត្តពាក់ព័ន្ធ ហើយនឹងចាត់វិធានការចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។
លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនបានលើកឡើងម្តងហើយម្តងទៀតនូវក្ដីបារម្ភជាមួយ EU ជុំវិញបញ្ហាទាក់ទងនឹងទណ្ឌកម្ម ហើយបានជំរុញឲ្យប្លុកនេះដកនូវអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាវិធានការឯកតោភាគីដោយខុសច្បាប់។
ទីក្រុងប៉េកាំងតែងតែរិះគន់ទណ្ឌកម្មឯកតោភាគីដែលដាក់នៅខាងក្រៅក្របខ័ណ្ឌ UN ដោយអះអាងថាវិធានការបែបនេះធ្វើឲ្យខូចដល់ច្បាប់អន្តរជាតិ និងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងបុគ្គលមកពីប្រទេសទី៣៕