ក្រុមមន្រ្តីនិយាយនៅថ្ងៃពុធនេះថា ក្រុមឆ្មាំល្បាតឆ្នេរក្រិក បានសង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់ រួមទាំងអានីតិជនរាប់សិបនាក់ផងដែរ ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ អំឡុងប្រតិបត្តិការជាច្រើនលើកនៅក្នុងសមុទ្រ ស្ថិតនៅភាគខាងត្បូងកោះ Crete និងនៅជិតតំបន់ឆ្នេរកោះ Gavdos ។
ប្រភពព័ត៌មានបានឲ្យដឹងថា ទូកជាច្រើនគ្រឿងបច្ចុប្បន្នកំពុងធ្វើដំណើរចេញពីប្រទេសលីប៊ី ឆ្ពោះទៅកាន់កោះ Crete ។
ប្រតិបត្តិការជួយសង្រ្គោះធំបំផុត បានធ្វើឡើងកាលពីថ្ងៃអង្គារ នៅតំបន់ភាគខាងត្បូងកោះ Crete ។ មនុស្សសរុប ១៩២នាក់ រួមទាំងអានីតិជន ៤២នាក់ ត្រូវបានជួយសង្រ្គោះចេញពីទូកនេសាទមួយគ្រឿង ហើយត្រូវបាននាំទៅកាន់តំបន់ឆ្នេរ ។
ជនអន្តោប្រវេសន៍ដែលត្រូវបានសង្រ្គោះ និយាយថា ពួកគេចេញដំណើរពីតំបន់ឆ្នេរប្រទេសលីប៊ី ហើយនិងចំណាយប្រាក់ប្រហែល ៣ពាន់ដុល្លារ ដល់អ្នករត់ពន្ធមនុស្សខុសច្បាប់ សម្រាប់ការធ្វើដំណើរឆ្លងកាត់នេះ ។
លោក Thanos Plevris គឺជារដ្ឋមន្រ្តីអន្តោប្រវេសន៍ក្រិកនិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មនុស្សជាងកន្លះលាននាក់ កំពុងរង់ចាំនៅប្រទេសលីប៊ី ដើម្បីទទួលបានឱកាសធ្វើដំណើរទៅកាន់អឺរ៉ុប ។
សូមបញ្ជាក់ថា ផ្លូវសមុទ្រចម្ងាយ ៣០០គ.ម ពីប្រទេសលីប៊ី ទៅកាន់កោះ Crete ត្រូវបានប្រើប្រាស់កើនឡើងដោយក្រុមអ្នកជួញដូរមនុស្សខុសច្បាប់ ៕