ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា បន្តជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ ការពារ ដោយការរៀនរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព និងចីរភាព។

ថ្លែងក្នុងពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩(អាស្ត្រាហ្សេនីកា) ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្ទុះឡើងកូវីដ-១៩ដំបូង បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះ យើងមិនទាន់ស្គាល់ច្បាស់ពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្តបិទព្រំដែន និងកាត់បន្ថយទំនាក់ទំនងសង្គម សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណងមិត្តភាពដ៏រឹងមាំ ជាមួយស្មារតី រួបរួម សាមគ្គី និងការចេះជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស,តំបន់ និងសកលលោកទាំងមូល បានធ្វើឱ្យសង្គម សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌតំបន់ និងសកល បានងើបឡើងយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩៕