អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិនដីគោក បាននិយាយកាលពីថ្ងៃពុធ១០មិថុនាសប្ដាហ៍នេះ ថា ការបើកដៃពីសំណាក់ក្រុមអាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់តំបន់តៃវ៉ាន់ចំពោះកងកម្លាំងខាងក្រៅ បានបង្ហាញពួកគេថាជាជនជាតិចិនក្បត់ជាតិទាំងស្រុង។

អ្នកនាំពាក្យលោកស្រី Zhang Han បានកត់សម្គាល់ក្នុងសន្និសីទសារព័ត៌មាននៅពេលត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការឆ្លើយតបរបស់អាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿន ចំពោះការប្រកាសរបស់ជប៉ុន និងហ្វីលីពីនអំពី "ការចរចាកំណត់ព្រំដែនសមុទ្រ" ទាក់ទងនឹងដែនទឹកនៅភាគខាងកើតនៃកោះតៃវ៉ាន់របស់ចិន ជាកន្លែងដែលចិនមានតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្រ។

លោកស្រី Zhang បាននិយាយថា ដោយការផ្តួចផ្តើមការចរចាដែលគេហៅថាដោយគ្មានការចូលរួមពីចិន ជប៉ុន និងហ្វីលីពីនបានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍សមុទ្ររបស់ចិន និងបានរំលោភច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។សកម្មភាពនេះគឺ ខុសច្បាប់ និងគ្មានសុពលភាពទាំងស្រុង។

យោធាកោះតៃវ៉ាន់ បានបាញ់ប្រព័ន្ធរ៉ូកែត HIMARS ថ្មី ដែលត្រូវបានសាកល្បងក្នុងសមរភូមិ កាលពីថ្ងៃពុធ ១០ ខែមិថុនា ដោយប្រដូចការវាយប្រហារទៅលើកងកម្លាំងចិនដែលចូលក្រសោបយកដែនដីនេះ ខណៈបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការ «ប្រយុទ្ធចល័ត» ដើម្បីបញ្ចៀសការវាយប្រហារប្រឆាំងនិងបង្កើនភាពធន់ក្នុងសង្គ្រាម។កោះតៃវ៉ាន់ បានសាកល្បងបាញ់ប្រព័ន្ធរ៉ូកែតចល័តទីរហ័សប្រភេទអាវុធស៊ីបគោលដៅ ផលិតដោយក្រុមហ៊ុន Lockheed Martin ឬHIMARS របស់អាមេរិកជាលើកដំបូងកាលពីឆ្នាំមុន នៅជិតឆ្នេរភាគខាងកើតរបស់ខ្លួន ហើយកាលពីថ្ងៃពុធ ជាលើកដំបូងដែលប្រព័ន្ធនេះត្រូវបានបាញ់ចេញពីឆ្នេរភាគខាងលិច ទល់មុខប្រទេសចិន នៅតំបន់កោះថៃជុង(Taichung) របស់តំបន់កោះតៃវ៉ាន់ភាគកណ្តាល។ ប្រព័ន្ធរ៉ូកែត HIMARS ចល័តថ្មីនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ៊ុយក្រែន។ជាមួយគ្នានោះ ចិនបានចោទប្រកាន់កោះតៃវ៉ាន់ពីបទបង្កហេតុ ៕