អង្គការសមុទ្រអន្តរជាតិ (IMO) កាលពីថ្ងៃពុធ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើនាវាដឹកប្រេងមួយគ្រឿង នៅជិតច្រកសមុទ្រហ័រមូស ដែលត្រូវបានគេរាយការណ៍ថា បានបណ្តាលឲ្យនាវិកបីនាក់ បាត់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ IMO បាននិយាយថា នាវាដឹកប្រេង MT Settebello ដែលមានទង់ជាតិសាធារណរដ្ឋប៉ាឡាវ ( Palau) បានឆេះ បន្ទាប់ពីត្រូវបានវាយប្រហារដោយមីស៊ីលនៅឆ្នេរសមុទ្រអូម៉ង់។

អគ្គលេខាធិការអង្គការ IMO លោក Arsenio Dominguez បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ ដោយនិយាយថា ទង្វើណាមួយដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនាវិក និងសុវត្ថិភាពនៃការដឹកជញ្ជូនអន្តរជាតិ គឺ«មិនអាចទទួលយកបានទាល់តែសោះ»។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅថ្ងៃពុធ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើឲ្យនាវាដឹកប្រេងនោះមិនអាចដំណើរការបាននៅឈូងសមុទ្រអូម៉ង់ កាលពីយប់ថ្ងៃអង្គារ។ យោងតាម CENTCOM យន្តហោះយោធាសហរដ្ឋអាមេរិកមួយគ្រឿង បានបាញ់មីស៊ីលវាយប្រហារគោលដៅជាក់លាក់ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវានោះ បន្ទាប់ពីក្រុមនាវិកមិនបានការគោរពតាមការណែនាំពីកងកម្លាំងអាមេរិកម្តងហើយម្តងទៀត៕