ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានអនុម័តសេចក្តីសម្រេចមួយដែលអំពាវនាវឱ្យអ៊ីរ៉ង់បង្ហាញព័ត៌មានស្តីពីអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួន និងទទួលយកការធ្វើអធិការកិច្ចរបស់ទីភ្នាក់ងារ IAEA។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាទីភ្នាក់ងារ IAEA ដែលបានធ្វើឡើងនៅទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃពុធ បានបោះឆ្នោតលើសេចក្តីសម្រេចដែលបានផ្ញើរដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសអាល្លឺម៉ង់។
ប្រភពការទូតនិយាយថា សេចក្តីសម្រេចនេះត្រូវបានអនុម័តដោយមានសំឡេងគាំទ្រ២១សំឡេង ៣សំឡេងប្រឆាំង និងអនុប្បវាទចំនួន១០។ ប្រទេសរុស្ស៊ី ចិន និងប្រទេសនីហ្សេ គឺជាប្រទេសដែលបានបោះឆ្នោតប្រឆាំង។

សេចក្តីសម្រេចនេះ ជំរុញឱ្យប្រទេសអ៊ីរ៉ង់ផ្តល់ព័ត៌មានពេញលេញឲ្យបានឆាប់រហ័សលើសារពើភ័ណ្ឌសម្ភារៈនុយក្លេអ៊ែររបស់ខ្លួន រួមទាំងអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួច ព្រមទាំងទីតាំងដែលពាក់ព័ន្ធ។ សេចក្តីសម្រេចក៏និយាយផងដែរថា អ៊ីរ៉ង់គួរតែអនុញ្ញាតឱ្យទីភ្នាក់ងារ IAEA ចូលដំណើរការសម្រាប់ការពិនិត្យផ្ទៀងផ្ទាត់។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានបណ្តាលឱ្យមានការបញ្ឈប់សកម្មភាពផ្ទៀងផ្ទាត់ និងបង្ខំឱ្យមន្ត្រីអធិការកិច្ចរបស់ទីភ្នាក់ងារ IAEA ចាកចេញពីប្រទេសនោះ។
របាយការណ៍មួយរបស់ទីភ្នាក់ងារ IAEA បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយនិយាយថា ទីភ្នាក់ងារ មិនអាចធ្វើការត្រួតពិនិត្យ និងកំណត់ស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ បាន។