ប្រទេសគុយបា កាលពីថ្ងៃពុធបានរិះគន់ការបិទផ្លូវផ្គត់ផ្គង់ថាមពលរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសកោះនេះ ដោយនិយាយថា វាបានរារាំងដល់ការងាររបស់ទីភ្នាក់ងារនិងអង្គការអន្តរជាតិជាច្រើន នៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីពមួយនេះ និងរឹតត្បិតសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេស។

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ថា «វាមិនត្រឹមតែរឹតត្បិតដំណើរការនៃសេដ្ឋកិច្ចរបស់ប្រទេសគុយបា ប៉ុណ្ណោះទេ។ វាក៏បានរារាំងដល់ការងាររបស់ទីភ្នាក់ងារ និងអង្គការអន្តរជាតិ ផងដែរ»។

យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិ (UN) ដែលបានលើកឡើងដោយ លោក Rodriguez បានឲ្យដឹងថា ទំនិញសំខាន់ៗប្រមាណ៦,៣ លានដុល្លារអាមេរិក ដែលបានទៅដល់ប្រទេសគុយបា ក្នុងទូរទំនិញចំនួន១៧០ទូរ មិនបានទៅដល់អ្នកទទួលទេ ដោយសារតែកង្វះប្រេងឥន្ធនៈ»។

លោក Rodriguez បានសង្កត់ធ្ងន់ថា ការបិទផ្លូវថាមពលរបស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសគុយបា មានផលប៉ះពាល់ពិតប្រាកដ និងធ្ងន់ធ្ងរលើប្រជាជនគុយបា និងជាផ្នែកមួយនៃ «ការដាក់ទណ្ឌកម្មរួម» ដែលទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។
កាលពីដើមខែមិថុនា របាយការណ៍ពីសារព័ត៌មានអន្តរជាតិ និងក្នុងស្រុកបានបង្ហាញថា កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្សេងទៀត ដូចជាកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ កំពុងជួបការលំបាកក្នុងការចែកចាយជំនួយនៅក្នុងប្រទេសគុយបា ដោយសារតែកង្វះប្រេងឥន្ធនៈ។