សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នាទៅវិញទៅមកពីលើអាកាស នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ដែលជាការប្រយុទ្ធគ្នាថ្ងៃទី២ ជាប់គ្នា ខណៈដែលប្រធានាធិបតី លោក Donald Trump បញ្ជាក់ច្បាស់ៗថា ការវាយប្រហារបន្ថែមទៀតនឹងកើតមាន ប្រសិនបើទីក្រុងតេអេរ៉ង់មិនយល់ព្រមភ្លាមៗ ចំពោះកិច្ចព្រមព្រៀងសន្តិភាពទេនោះ។
ការកើនឡើងនៃអរិភាពនេះបានចាប់ផ្តើមនៅដើមសប្តាហ៍នេះ ដោយសារការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache ១គ្រឿងរបស់សហរដ្ឋអាមេរិក នៅជិតច្រកសមុទ្រ Hormuz ដែលបានបង្កឲ្យមានការវាយប្រហារសងសឹកគ្នាជាបន្តបន្ទាប់ នៅទូទាំងប្រទេសអ៊ីរ៉ង់ និងលើមូលដ្ឋានរបស់សហរដ្ឋអាមេរិក នៅជុំវិញតំបន់នេះ។
នេះគឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុត ចំពោះបទឈប់បាញ់ដ៏ផុយស្រួយដែលបានព្រមព្រៀងគ្នា នៅក្នុងខែមេសា ដោយបំផ្លាញក្តីសង្ឃឹម ដែលថា នឹងមានការបញ្ចប់យ៉ាងឆាប់រហ័ស សម្រាប់សង្គ្រាមដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ជាមួយនឹងការវាយប្រហារតាមអាកាសរួមគ្នាដ៏ធំ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។
យោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា ការវាយប្រហារចុងក្រោយរបស់ខ្លួន បានកំណត់គោលដៅលើ «សមត្ថភាពឃ្លាំមើលយោធា ប្រព័ន្ធទំនាក់ទំនង និងទីតាំងការពារដែនអាកាស នៅទូទាំងប្រទេសអ៊ីរ៉ង់» ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនចាត់ទុកថា ជា «ការបន្តឈ្លានពានមិនសមហេតុផល» របស់ទីក្រុងតេអេរ៉ង់។ ចំណែកកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រាប់ថា ខ្លួនបានបើកការវាយប្រហារតបតទៅលើគោលដៅយោធាអាមេរិកចំនួន ១៨ នៅឯមូលដ្ឋានទ័ពអាកាស ក្នុងប្រទេសគូវ៉ែត និងបារ៉ែន ព្រមទាំងកងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិក នៅបារ៉ែន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានវាយប្រហារគ្នាជាច្រើនដង ចាប់តាំងពីបទឈប់បាញ់បណ្តោះអាសន្នបានចូលជាធរមាន ទោះបីជាក្រុមអ្នកចរចាពីភាគីទាំង២ បានព្យាយាម តែមិនជោគជ័យ ក្នុងការបញ្ចប់សង្គ្រាមនេះក៏ដោយ ដែលឥឡូវនេះស្ថិតនៅក្នុងខែទី៤ ហើយ៕



