ការតវ៉ាបានផ្ទុះឡើងនៅក្នុងរដ្ឋ Manipur របស់ប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ទី១០ ខែមិថុនា បន្ទាប់ពីទីភ្នាក់ងារសន្តិសុខ បានរកឃើញសាកសពបុរសក្នុងសហគមន៍ណាហ្គាចំនួនប្រាំមួយនាក់ ដែលបានបាត់ខ្លួនចាប់តាំងពីថ្ងៃទី១៣ខែឧសភា បង្កឱ្យមានភាពតានតឹងថ្មីនៅក្នុងរដ្ឋភាគឦសានរងគ្រោះដោយជម្លោះមួយនេះ។

យោងតាមការលើកឡើងរបស់នគរបាលរដ្ឋបាននិយាយកាលពីថ្ងៃពុធថា បុរសប្រាំមួយនាក់មកពីសហគមន៍ណាហ្គា បានស្លាប់ បន្ទាប់ពីពួកគេត្រូវបានគេជឿថាត្រូវបានក្រុមប្រដាប់អាវុធចាប់ជាចំណាប់ខ្មាំងជិតមួយខែកន្លងទៅនេះក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងកុលសម្ព័ន្ធចំនួនពីរដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្តនៅក្នុងរដ្ឋ។
ពួកគេត្រូវបានរកឃើញបន្ទាប់ពីប្រតិបត្តិការស្វែងរកជាង២៤ម៉ោងដោយនគរបាល ដែលចូលរួមដោយបុគ្គលិកចំនួន៤៥០នាក់ និងសត្វសុនកហិតក្លិន នេះបើយោងតាមការលើកឡើងរបស់នគរបាលរដ្ឋ Manipur។
ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ២០២៣ រវាងសហគមន៍ Meitei ដែលភាគច្រើនជាពលរដ្ឋហិណ្ឌូ និងកុលសម្ព័ន្ធ Kuki ភាគច្រើនជាសាសនាគ្រិស្ត ជុំវិញអត្ថប្រយោជន៍សេដ្ឋកិច្ច និងកូតាការងារ។ មនុស្សប្រហែល ២៦០នាក់ ត្រូវបានសម្លាប់ និងជាង ៦០.០០០នាក់ ត្រូវបានជម្លៀសខ្លួនចាប់តាំងពីភាពវឹកវរបានចាប់ផ្តើម។
