ប្រទេសអ៊ីរ៉ង់បានព្រមាននៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះថា តំបន់នេះនឹងក្លាយជា «ឋាននរក» សម្រាប់សហរដ្ឋអាមេរិក ដោយសារភាពតានតឹង នៅជុំវិញច្រកសមុទ្រ Hormuz។
នៅក្នុងសុន្ទរកថាដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Mehr លោក Seyed Majid Mousavi មេបញ្ជាការកងកម្លាំងអាកាសនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានព្រមានថា កុំប៉ុនប៉ងធ្វើការគំរាមកំហែង នៅ «ច្រកសមុទ្រដ៏ពិសិដ្ឋ គឺ Hormuz»។
លោកបានបញ្ជាក់បន្ថែមថា៖ «ប្រសិនបើអ្នកធ្វើឲ្យច្រកសមុទ្រ Hormuz អសន្តិសុខ យើងនឹងប្រែក្លាយតំបន់នេះឲ្យទៅជាឋាននរក សម្រាប់អ្នក ដោយការវាយប្រហារចេញពីទូទាំងប្រទេសអ៊ីរ៉ង់»។ លោក Mousavi បានពិពណ៌នាអំពីការព្រមាននេះថា ជាការឆ្លើយតបទៅនឹង «ភាពគឃ្លើនរបស់សហរដ្ឋអាមេរិក» នៅក្នុងតំបន់នេះ។
នៅមុននេះ IRGC បានឲ្យដឹងថា គោលដៅយោធាសំខាន់ៗចំនួន ១៨ របស់សហរដ្ឋអាមេរិក ត្រូវបានវាយប្រហារ នៅឯមូលដ្ឋាន Ali Al Salem និង Ahmad Al Jaber ក្នុងប្រទេសគូវ៉ែត រួមជាមួយនឹងមូលដ្ឋាន Sheikh Isa នៅបារ៉ែន។
គួរបញ្ជាក់ថា សភាពការណ៍វិវត្តន៍នេះ បានកើតឡើងស្របពេលមានការកើនឡើងនូវភាពតានតឹងយ៉ាងឆាប់រហ័ស បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅភាគខាងត្បូងអ៊ីរ៉ង់ និងការប្រកាសបន្ទាប់មករបស់ទីក្រុងតេអេរ៉ង់ ក្នុងការបិទច្រកសមុទ្រ Hormuz មិនឲ្យនាវាទាំងអស់ធ្វើដំណើរឆ្លងកាត់៕

