ឆ្មាំសមុទ្ររបស់កោះតៃវ៉ាន់ បានឲ្យដឹងថា អធិបតេយ្យភាពដែនសមុទ្ររបស់ដែនកោះនេះ មិនអាចត្រូវបាន «រំលោភបំពាន» ដោយកិច្ចប្រឹងប្រែងរបស់ប្រទេសចិន ក្នុងគោលបំណងបញ្ជាក់អំពីយុត្តាធិការនោះទេ បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ចប់ការល្បាត នៅម្ដុំឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។
ប្រទេសចិន ដែលអះអាងថា តៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ជាទឹកដីរបស់ខ្លួននោះ មានការខឹងសម្បា ក្រោយជប៉ុន និងហ្វីលីពីន បានឲ្យដឹងក្នុងខែឧសភាថា ប្រទេសទាំង២ នឹងចាប់ផ្តើមការចរចាជាផ្លូវការ ស្ដីពីការកំណត់ព្រំដែនដែនសមុទ្រ ដោយមើលឃើញថា វាពាក់ព័ន្ធនឹងដែនទឹកនៅម្ដុំកោះតៃវ៉ាន់។
កាលពីយប់ថ្ងៃទី៦ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នាវាត្រូវបានបញ្ជូនទៅអនុវត្ត «ប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវសមុទ្រពិសេស» និងត្រួតពិនិត្យការដឹកជញ្ជូន នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការប្រកាសរបស់ជប៉ុន និងហ្វីលីពីន។

នៅយប់ថ្ងៃទី១០ ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឲ្យដឹងថា ការល្បាតបានបញ្ចប់ហើយ បន្ទាប់ពីបាន «ត្រួតពិនិត្យនាវាឆ្លងកាត់ចំនួន ១៩៨គ្រឿង និងកែតម្រូវការរំលោភបំពាន ដែលពាក់ព័ន្ធនឹងនាវាចំនួន ៣គ្រឿង» ដោយបានធ្វើការសិក្សាអ៊ីដ្រូក្រាហ្វី និងល្បាតតំបន់ដែលមានខ្សែកាបក្រោមសមុទ្រ។
យ៉ាងណាក្ដី ឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់បានបញ្ជាក់ថា ទីក្រុងប៉េកាំងមិនមានយុត្តាធិការ នៅក្នុងដែនទឹកទាំងនោះទេ ហើយនៅពេលដែលនាវាចិនបង្ហាញខ្លួន នាវារបស់កោះតៃវ៉ាន់នឹង «បណ្តេញឲ្យចាកចេញដោយបង្ខំ ហើយរក្សាសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍»។ ឆ្មាំបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អធិបតេយ្យភាពដែនសមុទ្ររបស់ដែនកោះយើង មិនអាចត្រូវបានរំលោភបំពានឡើយ។ ប្រទេសណាមួយដែលអះអាងយុត្តាធិការ នឹងត្រូវបណ្តេញចេញដោយគ្មានករណីលើកលែង»៕

