រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បាននិយាយថា កងកម្លាំងសហរដ្ឋអាមេរិក នឹងអនុវត្តតាមបញ្ជារបស់លោកប្រធានាធិបតី Donald Trump ហើយវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ (តាមពេលវេលារបស់សហរដ្ឋអាមេរិក) ដោយការទម្លាក់គ្រាប់បែកលើ «ទីតាំងសំខាន់ៗ»។
អំឡុងនិយាយទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីត្រូវបានរាយការណ៍ដោយមេបញ្ជាការ នៅឯទីស្នាក់ការកណ្តាលនៃបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ក្នុងរដ្ឋ Florida លោក Hegseth បាននិយាយថា អ៊ីរ៉ង់ត្រូវបានផ្តល់ឱកាសឲ្យធ្វើកិច្ចព្រមព្រៀង ប៉ុន្តែមិនទទួលយកវាឡើយ។

លោក Hegseth បាននិយាយថា៖ «យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំង តាមលក្ខខណ្ឌរបស់យើង លើគោលដៅដែលធ្វើឲ្យបរិយាកាសប្រសើរឡើង ដើម្បីអាចឲ្យយើងធ្វើប្រតិបត្តិការ និងធ្វើឲ្យខូចសមត្ថភាពដែលអ៊ីរ៉ង់ចង់មាន»។
លោក Hegseth បាននិយាយបែបនេះបន្ទាប់ពីលោក Trump បាននិយាយថា សហរដ្ឋអាមេរិក នឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្រសិនបើមិនមានកិច្ចព្រមព្រៀងសន្តិភាពណាមួយទេនោះ ដោយគំរាមកំហែងឲ្យមានភាពតានតឹងកើនឡើងបន្ថែមទៀត ក្រោយផ្ទុះអរិភាពយ៉ាងធំជាថ្មីជាលើកដំបូង ក្នុងរយៈពេល ២ខែ។
លោក Hegseth បានចោទប្រកាន់អ៊ីរ៉ង់ថា «ជ្រើសរើសលេងហ្គេម» ពោលគឺមិនបានធ្វើការចរចាដោយប្រាកដប្រជា ហើយបានបន្ថែមថា ប្រសិនបើការចរចាបរាជ័យ សហរដ្ឋអាមេរិកនឹងមានតែធ្វើប្រតិបត្តិការខាងយោធាប៉ុណ្ណោះ៕

