នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសចំនួន ២២ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ បានរួមគ្នាព្រមានអ៊ីរ៉ង់ថា ត្រូវបញ្ឈប់ការវាយប្រហារមនុស្ស នៅលើដែនដីរបស់ពួកគេ។
សេវាសន្តិសុខរបស់អ៊ីរ៉ង់ ត្រូវបានថ្កោលទោស ចំពោះការប្រើប្រាស់ «ដ៏គួរឲ្យស្អប់ខ្ពើម» របស់ពួកគេ ចំពោះក្រុមអន្ធពាលអន្តរជាតិ និងក្នុងស្រុក ដើម្បីអនុវត្តផែនការ នៅតំបន់អឺរ៉ុប អាមេរិកខាងជើង និងអូស្ត្រាលី។
ប្រទេសទាំងនោះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «ការប៉ុនប៉ងសម្លាប់ ចាប់ជំរិត យាយី បំភិតបំភ័យ ឬវាយប្រហារមនុស្សនៅលើដែនដីរបស់យើង ធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិ និងបទដ្ឋានអន្តរជាតិ។ សកម្មភាពទាំងនេះត្រូវតែបញ្ឈប់ជាបន្ទាន់»។
ប្រទេសទាំងនោះបានបន្តថា សេវាស៊ើបការណ៍សម្ងាត់របស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) និងសាខាប្រតិបត្តិការបរទេសរបស់ខ្លួន គឺកងកម្លាំង Quds Force បានចូលរួមក្នុង «ផែនការសម្លាប់ និងសកម្មភាពបង្កគ្រោះថ្នាក់» ប្រឆាំងនឹងអ្នកប្រឆាំងអ៊ីរ៉ង់ អ្នកសារព័ត៌មាន និងសហគមន៍ ព្រមទាំងផលប្រយោជន៍ជនជាតិជ្វីហ្វ និងអ៊ីស្រាអែល។
ប្រទេសទាំងនោះបានសង្កត់ធ្ងន់ថា៖ «យើងរួបរួមគ្នាប្តេជ្ញាចិត្តការពារប្រទេស និងប្រជាជនរបស់យើង ពីការគំរាមកំហែងទាំងនេះ។ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ត្រូវតែបញ្ឈប់សកម្មភាពទាំងនេះឥឡូវនេះ»។
ប្រទេសទាំងនោះបានចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកនៅពីក្រោយយុទ្ធនាការវាយប្រហារ នៅទូទាំងទ្វីបអឺរ៉ុប ដែលផ្តោតលើសហគមន៍ជ្វីហ្វ អ្នកសារព័ត៌មានអ៊ីរ៉ង់ និងអ្នកសារព័ត៌មានអាមេរិក ដែលត្រូវបានអះអាងដោយក្រុម Harakat Ashab al-Yamin al-Islamiya (HAYI) ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់៕

