មន្ត្រីបាននិយាយថា ក្រុមជនជាតិនីហ្សេរីយ៉ាដំបូងដែលត្រូវបានបញ្ជូនត្រឡប់មកពីអាហ្វ្រិកខាងត្បូងបន្ទាប់ពីការវាយប្រហារប្រឆាំងនឹងជនអន្តោប្រវេសន៍កាន់តែខ្លាំងឡើង ត្រូវបានគេគ្រោងនឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង Lagos នាថ្ងៃព្រហស្បតិ៍នេះ។

អំពើហិង្សាប្រឆាំងនឹងជនបរទេស បានធ្វើឲ្យអាហ្វ្រិកខាងត្បូងរង្គោះរង្គើរអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈដែលក្រុមជនអន្ធពាលប្រដាប់ដោយដំបង រំពាត់ និងខែល បានដើរក្បួនឆ្លងកាត់ផ្នែកខ្លះនៃ «ប្រទេសនេះ ដោយទាមទារឲ្យជនអន្តោប្រវេសន៍ដែលគ្មានឯកសារស្នាក់នៅ ចាកចេញនៅថ្ងៃទី ៣០ ខែមិថុនា។
ជនបរទេសបានរាយការណ៍ថា ត្រូវបានគំរាមកំហែង និងវាយដំដោយហ្វូងមនុស្សដើរពីផ្ទះមួយទៅផ្ទះមួយ គ្រួសារត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ ហើយមនុស្សជាច្រើន បានចាកចេញ ដោយសារការ គំរាមកំហែងបែបនេះ។
ប្រទេសហ្គាណា ម៉ូសំប៊ិក និងម៉ាឡាវី បានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ពួកគេរាប់រយនាក់រួចហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
