សមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) រក្សាសិទ្ធិក្នុងការការពារខ្លួនរួម និងឆ្លើយតបដោយមធ្យោបាយស្របច្បាប់ទាំងអស់ចំពោះការវាយប្រហារដោយអ៊ីរ៉ង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីនៃប្លុកនៅទីក្រុងម៉ាណាម៉ានៃប្រទេស បារ៉ែន។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា៖«ក្រុមប្រឹក្សានេះបញ្ជាក់ពីសិទ្ធិដែលបានបង្កើតឡើង និងស្របច្បាប់របស់រដ្ឋរបស់ខ្លួន ក្នុងការការពារខ្លួន ជាលក្ខណៈបុគ្គល និងជាសមូហភាព និងឆ្លើយតបទៅនឹងការឈ្លានពាននេះ ដោយមធ្យោបាយស្របច្បាប់ទាំងអស់ ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា សន្តិសុខរបស់រដ្ឋសមាជិក GCC គឺមិនអាចបំបែកបាន ហើយការវាយប្រហារលើរដ្ឋមួយក្នុងចំណោមរដ្ឋទាំងនោះ នឹងត្រូវបានចាត់ទុកថា ជាផលវិបាកលើប្លុកនេះទាំងមូល។ រដ្ឋមន្ត្រីក៏បាននិយាយផងដែរថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់មីស៊ីល និងយានដ្រូន របស់អ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅកាន់ប្រទេសបារ៉ែន កូវ៉ែត និងហ្ស៊កដានីដោយជោគជ័យ។
នៅយប់ថ្ងៃពុធ កងកម្លាំងប្រដាប់អាវុធអាមេរិកបានធ្វើការវាយប្រហារលើទឹកដីអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការបំផ្លាញឧទ្ធម្ភាគចក្រយោធាអាមេរិក។ ក្រោយមក អ៊ីរ៉ង់បានកំណត់គោលដៅមូលដ្ឋានយោធាអាមេរិក នៅបារ៉ែន ហ្ស៊កដានី និងកូវ៉ែត។ នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមបញ្ជាឲ្យវាយប្រហារថ្មីលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ រួមទាំងស្ពាន និងរោងចក្រថាមពលផងដែរ៕
