នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានអំពាវនាវជាថ្មីឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់ការប្រយុទ្ធគ្នា ហើយវិលត្រឡប់ទៅរកការសន្ទនាវិញ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងប៉េកាំងមានក្ដីបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពនេះ។ លោកបាននិយាយថា ជម្លោះយោធានឹងត្រឹមតែធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗប៉ុណ្ណោះ ហើយការចាប់ផ្ដើមវិធានការយោធាឡើងវិញ នឹងមិនដោះស្រាយបញ្ហាជាមូលដ្ឋានណាមួយឡើយ។

អមដោយការជំរុញឲ្យភាគីពាក់ព័ន្ធបញ្ឈប់វិធានការយោធា ចាប់ផ្ដើមការសន្ទនា និងការចរចាឡើងវិញ ឆ្លើយតបទៅនឹងកិច្ចប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសពាក់ព័ន្ធ និងសម្រេចបាននូវបទឈប់បាញ់គ្នាឲ្យបានឆាប់តាមដែលអាចធ្វើបាន លោក Lin បានបញ្ជាក់ថា៖ «អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសក្នុងតំបន់ គួរតែត្រូវបានគោរព និងការពារ»។
ជាមួយគ្នានេះ លោក Lin បានបន្ថែមថា ប្រទេសចិនបានបន្តរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ក្នុងនោះរួមទាំងអ៊ីរ៉ង់ផងដែរ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនេះ និង «បានប្រឹងប្រែងលើកកម្ពស់ការចរចាសន្តិភាព»។
ក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារម្ដងម្កាល ខណៈដែលភាពតានតឹងបានកើនឡើងនៅទូទាំងតំបន់។ នៅព្រឹកថ្ងៃនេះ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យថា ខ្លួនបានវាយប្រហារគោលដៅយោធាសំខាន់ៗចំនួន ១៨ របស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រពែក្ស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិកទៅលើកន្លែងកម្សាន្តមួយកន្លែង ទីតាំងឧស្សាហកម្មមួយកន្លែង និងតំបន់ក្បែរទីក្រុង Karaj និង Nazarabad នៅភាគខាងលិចនៃទីក្រុងតេអេរ៉ង់ រួមជាមួយនឹងមូលដ្ឋានកងឆ្មាំបដិវត្តន៍ក្នុងស្រុកមួយកន្លែង នៅតំបន់ Pishva៕

