ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)លោក Volker Türk និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការិយាល័យសិទ្ធិមនុស្ស UN នឹងបញ្ជូនក្រុមស៊ើបអង្កេតទៅកាន់ប្រទេសលីបង់ នៅសប្តាហ៍ក្រោយនេះ ដើម្បីវាយតម្លៃការបំពានដ៏មានសក្តានុភាពលើច្បាប់អន្តរជាតិដោយគ្រប់ភាគីទាំងអស់ អំឡុងសង្រ្គាមបច្ចុប្បន្ននៅក្នុងប្រទេសមួយនេះ ។

លីបង់ត្រូវបានអូសទាញឲ្យធ្លាក់ចូលក្នុងសង្រ្គាមមជ្ឈិមបូព៌ាកាន់តែរីកធំ កាលពីថ្ងៃទី ២ ខែមីនា ពេលដែលក្រុមហេសបូឡាគាំទ្រដោយទីក្រុងតេអេរ៉ង់ បើកការវាយប្រហារគ្រាប់រ៉ុក្កែតលើអ៊ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយអ៊ីរ៉ង់ ដែលស្ថិតក្រោមការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ។
លោក Turk និយាយថា វាគឺជាលើកដំបូងហើយដែលពួកយើងនឹងបញ្ជូនបេសកកម្មវាយតម្លៃ ដើម្បីពិនិត្យមើលភាពជាក់ស្តែងនៃការបំពានរបស់គ្រប់ភាគី គឺជាការបំពានច្បាប់អន្តរជាតិ ការបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយនិងរាយការណ៍ត្រឡប់មកវិញនូវអ្វីដែលពួកយើងបានរកឃើញ ។
សូមបញ្ជាក់ថា មនុស្សជាង ៣.៦០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ ហើយពលរដ្ឋលីបង់ជាង ១លាននាក់ បានជម្លៀសខ្លួន ។
សហរដ្ឋអាមេរិក បានប្រកាសបទឈប់បាញ់កាលពីថ្ងៃទី ១៦ ខែមេសា ប៉ុន្តែការប្រយុទ្ធគ្នានៅតែបន្ត ហើយលីបង់និយាយថា អ៊ីស្រាអែល បានបើកការវាយប្រហារជិត ៣.៥០០លើក ចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាស ៕
