របាយការណ៍បង្ហាញថា ស្វាអូរ៉ង់អ៊ូតង់ ៥៨ក្បាល ដែលរស់នៅក្នុងតំបន់ព្រៃ Batang Toru របស់ខេត្តស៊ូម៉ាត្រាខាងជើង ប្រទេសឥណ្ឌូនេស៊ី ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ កាលពីឆ្នាំមុន ។
ទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយសារព្យុះស៊ីក្លូន បានសម្លាប់មនុស្ស ១.២០០នាក់ និងធ្វើឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ៣ម៉ឺនខ្នង នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ក្នុងនោះ ក្រុមបរិស្ថាន បានដាក់ការស្តីបន្ទោសលើទំហំនៃការកាប់បំផ្លាញព្រៃឈើនៅកោះស៊ូម៉ាត្រា ។
របាយការណ៍ដែលជាការសិក្សារួមគ្នាដោយក្រុមហ៊ុនពិគ្រោះយោបល់ Borneo Futures មានមូលដ្ឋាននៅប្រទេសប៊្រុយណេ បណ្ឌិតសភា World Weather Attribution និងសាកលវិទ្យាល័យ Liverpool John Moores ពុំបានស្ទង់ផ្នែកផ្សេងទៀតនៅតំបន់ព្រៃ Batang Toru នោះឡើយ ដែលនេះមានន័យថា ចំនួនងាប់របស់សា្វអូរ៉ង់អ៊ូតង់ អាចនឹងខ្ពស់ជាងនេះ ។
ការរកឃើញនេះដែរ បានមកពីការវិភាគរូបភាពផ្កាយរណបនៃការខូចខាតនៅតំបន់ព្រៃ Batang Toru និងកំណត់ត្រាប្រវត្តិសាស្រ្តចំនួនស្វាអូរ៉ង់អ៊ូតង់នៅតំបន់នោះ ។
ការសិក្សារកឃើញថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ទំនងជាបង្កើនអង់តង់ស៊ីតេ និងហ្វ្រេកង់នៃភ្លៀងធ្លាក់ខ្លាំងនៅជុំវិញច្រកសមុទ្រ Malacca ធ្វើឲ្យទីជម្រករបស់ស្វាអូរ៉ង់អ៊ូតង់ Tapanuli ប្រឈមនឹងហានិភ័យខ្ពស់បំផុត ។
លោក Erik Meijaard មកពីក្រុមហ៊ុន Borneo Futures ដែលដឹកនាំការសិក្សានេះនិយាយថា ភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យដីសើមនៅតាមជើងភ្នំ ជាហេតុនាំឲ្យកើតមានបំណាក់ដីសម្លាប់ស្វាអូរ៉ង់អ៊ូតង់ទាំងនេះ ៕

