ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីល្ងាចថ្ងៃពុធ (ទី១០ ខែមិថុនា ឆ្នាំ២០២៦) ថា មេដឹកនាំអ៊ីរ៉ង់បានទូរស័ព្ទទៅរកលោកដោយផ្ទាល់ ហើយបានស្នើសុំឲ្យលោកបញ្ឈប់ប្រតិបត្តិការទម្លាក់គ្រាប់បែកដែលមានជាបន្តបន្ទាប់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Fox News។

លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News ក្នុងបទសម្ភាសន៍មួយថា កងកម្លាំងអាមេរិក បានវាយប្រហារអ៊ីរ៉ង់ដោយមីស៊ីល Tomahawk ចំនួន ៤៩គ្រាប់ នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែកចុងក្រោយរបស់ខ្លួន នាព្រឹកថ្ងៃព្រហស្បតិ៍ តាមពេលវេលានៅប្រទេសអ៊ីរ៉ង់។
បើយោងតាមអ្នកសារព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Trey Yingst បានឲ្យដឹងថា លោក Trump បានបញ្ជាក់បន្ថែមថា៖ «ប្រសិនបើអ៊ីរ៉ង់មិនទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ចប់សង្គ្រាមទេ យើងនឹងទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើពួកគេ នៅយប់ថ្ងៃស្អែក»។
តែយ៉ាងណាក្ដី កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានបដិសេធយ៉ាងឆាប់រហ័សថា ទីក្រុងតេអេរ៉ង់មិនបានស្នើសុំឲ្យលោក Trump បញ្ឈប់ការទម្លាក់គ្រាប់បែកឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA។
IRGC បានបញ្ជាក់ថា ការអះអាងរបស់លោក Trump ដែលថា មន្ត្រីអ៊ីរ៉ង់បានទាក់ទងទៅរូបលោក ត្រូវបានបដិសេធយ៉ាងដាច់អហង្ការ ហើយវាគឺជាការបិទបាំង ដើម្បីគេចពីការបង្កសង្គ្រាម៕

