នៅថ្ងៃព្រហស្បតិ៍នេះ តុលាការថៃ បានចេញសាលក្រមប្រហារជីវិតបុរសជនជាតិភាគតិចអ៊ូយហ្គួ ២នាក់ មកពីតំបន់ភាគពាយ័ព្យ Xinjiang ប្រទេសចិន សម្រាប់ការបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ ២០១៥ នៅទីក្រុងបាងកក ដែលបានសម្លាប់មនុស្ស ២០នាក់ និងមនុស្ស ១២០នាក់ផ្សេងទៀត រងរបួស ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ ។
ការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅទីសក្ការៈបូជា Erawan ស្ថិតនៅកណ្តាលទីក្រុងបាងកក ដែលជាតំបន់ដ៏មានប្រជាប្រិយភាពមួយសម្រាប់ភ្ញៀវទេសចរបរទេស ។ មនុស្សស្លាប់ ៥នាក់ មកពីចិនដីគោកចិន និងមនុស្សស្លាប់ ២នាក់ មកពីទីក្រុងហុងកុង ។
សេចក្តីថ្លែងការណ៍តុលាការ និយាយថា សកម្មភាពរបស់ចុងចោទទាំង ២ បង្កបទល្មើសដាច់ដោយឡែកជាច្រើន ហើយការកាត់ទោសនេះដែរ រួមបញ្ចូលទាំងការផ្តន្ទាទោសចំពោះបទចោទប្រកាន់ពី ឃាតកម្មដោយចេតនា ដែលបណ្តាលឲ្យមានការកាត់ទោសប្រហារជីវិត ។
លោក Choochat Kanpai គឺជាមេធាវីរបស់ចុងចោទម្នាក់ក្នុងចំណោមពួកគេទាំង ២ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ជនជាប់ចោទទាំងពីរនាក់ នឹងប្តឹងឧទ្ធរណ៍ប្រឆាំងការកាត់ទោសនេះ នៅក្នុងរយៈពេល ១ខែ ៕

