ការិយាល័យអភិបាលក្នុងតំបន់និយាយនៅថ្ងៃព្រហស្បតិ៍នេះថា បំណែកយានដ្រូនបានធ្លាក់លើអគារផ្ទះល្វែងនៅទីក្រុងភាគខាងត្បូង Krasnodar របស់រុស្ស៊ី បង្កឲ្យកើតមានអគ្គិភ័យ ហើយមនុស្ស ២នាក់ រងរបួស ។
ការវាយប្រហារនេះ បានកើតឡើងនៅពេលយប់រំលងអាធ្រាត្រថ្ងៃពុធ ចូលដល់ព្រឹកថ្ងៃព្រហស្បតិ៍ ។ រូបភាពវីដេអូឃ្លីបរបស់អាជ្ញាធរក្នុងស្រុក ឃើញអគាររស់នៅរបស់អ្នកស្រុករងការខូចខាត ខណៈក្រុម សង្រ្គោះបន្ទាន់ កំពុងនៅកន្លែងកើតហេតុ ។
រោងចក្រចម្រាញ់ប្រេង Afipsky ស្ថិតក្នុងចំណោមរោងចក្រចម្រាញ់ប្រេងធំបំផុត ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសរុស្ស៊ី ជាទីដែលផលិតសាំង ប្រេងម៉ាស៊ូត សំណល់ប្រេងកាត និងស្ពាន់ធ័រ ។
ក្រុមអ្នកស្រុករាយការណ៍ថា រោងចក្រចម្រាញ់ប្រេង Afipsky បានឆាបឆេះជាអគ្គិភ័យ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរក្នុងស្រុក រាយការណ៍ថា អគ្គិភ័យបានកើតមាននៅតំបន់ជុំវិញរោងចក្រចម្រាញ់ប្រេង Afipsky ដោយសារការធ្លាក់បំណែកយានដ្រូន ពេលដែលប្រព័ន្ធការពារបាញ់ស្កាត់ការវាយប្រហារតាមច្រកអាកាសកាលពីយប់កន្លងទៅ ៕

