ប្រទេសអ៊ីរ៉ង់ បានព្រមាននៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះថា បទឈប់បាញ់ដ៏រង្គោះរង្គើ នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ារយៈពេល ៣ខែ ឥឡូវនេះ «ស្ទើរគ្មានន័យអ្វីទាំងអស់» បន្ទាប់ពីមានការវាយប្រហារថ្មីៗដោយសហរដ្ឋអាមេរិក ដែលបានឃើញទីក្រុងតេអេរ៉ង់ឆ្លើយតបដោយការវាយប្រហារជុំវិញតំបន់នេះ។
សង្គ្រាម ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ត្រូវបានផ្អាកដោយបទឈប់បាញ់ខែមេសា ប៉ុន្តែកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ការប្រយុទ្ធជាអចិន្ត្រៃយ៍ បានជាប់គាំង ហើយការវាយប្រហារគ្នាម្តងម្កាល បានធ្វើឲ្យបទឈប់បាញ់ស្ថិតនៅក្នុងហានិភ័យម្តងហើយម្តងទៀត។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងថា នៅក្នុងការវាយប្រហារសងសឹកគ្នា ២ថ្ងៃជាប់គ្នា ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារទៅលើមូលដ្ឋានឃ្លាំមើល ទំនាក់ទំនង និងការពារដែនអាកាស ខណៈដែលកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានប្រកាសពី «ប្រតិបត្តិការសងសឹក» ដែលកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសហ្ស៊កដានី ហើយរដ្ឋឈូងសមុទ្រពែក្ស បានរាយការណ៍ពីការវាយប្រហារចូលទៅក្នុងដែនដីរបស់ពួកគេ។
ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា «ការវាយប្រហារខុសច្បាប់ និងឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ មិនត្រឹមតែជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យបទឈប់បាញ់ស្ទើរគ្មានន័យអ្វីទាំងអស់ទៀតផង»៕


