នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលមិនបានផ្តល់ហេតុផល ឬព័ត៌មានលម្អិតបន្ថែមណាមួយ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានធ្វើដំណើរទៅដល់ហើយ ដើម្បីចូលរួមកិច្ចប្រជុំ នៅក្រសួងនេះ នាថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ។
ក្រសួងបានចេញផ្សាយវីដេអូរបស់អ្នកការទូតទាំង ៣នាក់ ដែលបានទៅដល់ និងចូលទៅក្នុងអគារ នៅកណ្តាលទីក្រុងមូស្គូ។ មេដឹកនាំនៃប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដែលដឹកនាំសម្ព័ន្ធភាពសន្តិសុខក្រៅផ្លូវការមួយឈ្មោះ E3 ដែលជាប្រភពគាំទ្រអន្តរជាតិដ៏សំខាន់មួយរបស់អ៊ុយក្រែន បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងឡុងដ្រ៍ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ជាកន្លែងដែលមេដឹកនាំទាំងអស់ បានបញ្ជាក់ថា ពួកគេគាំទ្រការអំពាវនាវរបស់លោកឲ្យមានបទឈប់បាញ់។

អំឡុងកិច្ចប្រជុំ នៅវិមាន Downing Street មេដឹកនាំទាំង៤ បានឯកភាពគ្នាថា ខ្សែទំនាក់ទំនងបច្ចុប្បន្ន រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន គួរតែជាចំណុចចាប់ផ្តើមសម្រាប់ការចរចា។ អ៊ុយក្រែនគួរតែមានការធានាសន្តិសុខដែលមានចំណងផ្លូវច្បាប់ ក្នុងនោះរួមទាំងការដាក់ពង្រាយកងកម្លាំងពហុជាតិសាសន៍ផងដែរ ហើយថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក នឹងនៅតែមិនអាចធ្វើចរាចរណ៍បានឡើយ រហូតដល់រុស្ស៊ីសងអ៊ុយក្រែន សម្រាប់ការខូចខាតដែលបង្កឡើងដោយសង្គ្រាម។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាន់ខ្ជាប់នូវជំហរដ៏ម៉ឺងម៉ាត់របស់លោក លើសង្គ្រាមនេះ ប៉ុន្តែលោកក៏បានលើកឡើងកាលពីសប្តាហ៍មុនផងដែរថា សំណើរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់សន្តិភាព អាចជួយបញ្ចប់ការប្រយុទ្ធគ្នា៕
