ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing នឹងចូលរួមសន្និសីទតាមវីដេអូ ដែលរៀបចំដោយប្រធានាធិបតីបារាំង លោក Emmanuel Macron ស្តីពីអតុល្យភាពសេដ្ឋកិច្ចពិភពលោក នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយការពិភាក្សានេះកើតឡើងប៉ុន្មានថ្ងៃ មុនបណ្ដាប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ជួបប្រជុំគ្នា នៅប្រទេសបារាំង ដើម្បីពិភាក្សាអំពីវិធីដោះស្រាយលំហូនាំចេញពីចិននូវទំនិញតម្លៃទាបចូលទៅក្នុងទីផ្សាររបស់ពួកគេ។

លោក Macron ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង ៧ នៅតំបន់ Evian-les-Bains នាសប្តាហ៍ក្រោយ បានព្យាយាមពាក់ព័ន្ធជាមួយទីក្រុងប៉េកាំង ដែលជាការប៉ុនប៉ងចុងក្រោយ លើវិធីសាស្រ្តសហប្រតិបត្តិការ មុនពេលសហភាពអឺរ៉ុប (EU) សម្រេចថា តើត្រូវពង្រឹងគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ចំពោះប្រទេសចិនដែរ ឬយ៉ាងណា។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីបារាំង។
មេដឹកនាំ EU ជួបប្រជុំគ្នាភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំ G7 នាថ្ងៃទី ១៥-១៧ ខែមិថុនា ដោយប្រទេសចិន ត្រូវបានកំណត់ជាប្រធានបទធំមួយ នៅក្នុងរបៀបវារៈ។
ការរួមបញ្ចូលវត្តមានរបស់លោក Zhang នៅក្នុងសន្និសីទអនឡាញ ដែលមានឈ្មោះថា «Global Convergence for Growth» (ការបង្រួបបង្រួមសកល សម្រាប់កំណើន) ដែលត្រូវបានប្រកាសដោយអ្នកនាំពាក្យក្រសួងការបរទេសចិន គឺជាករណីដ៏កម្ររបស់ប្រទេសចិន ក្នុងការចូលរួមជាមួយ G7 ដែលរួមមានបារាំង អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក រួមជាមួយ EU ផងដែរ។
ទីក្រុងប៉េកាំងបានរិះគន់ក្រុមនេះជាយូរមកហើយថា មិនមានភាពស្របច្បាប់ ក្នុងការពិភាក្សា អំពីកិច្ចការពិភពលោក និងមិនតំណាងឲ្យសណ្តាប់ធ្នាប់ពិភពលោកឡើយ៕
