លោក Hilary Benn គឺជារដ្ឋមន្រ្តីអង់គ្លេសនៅអៀរឡង់ខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់មនុស្សនៅតាមប្រព័ន្ធនិម្មិតថា ព្យាយាមញុះញង់ឲ្យមានភាពឥតសណ្តាប់ធ្លាប់នៅទីក្រុង Belfast ក្រោយរយៈពេល ២ថ្ងៃនៃភាពរំជើបរំជួលនៅក្នុងទីក្រុងមួយនេះ បន្ទាប់ការវាយប្រហារដោយកំាបិត ។
លោកថា ក្រុមហ៊ុនព័ត៌មានសង្គម ត្រូវទទួលខុសត្រូវចំពោះការដោះស្រាយខ្លឹមសារខុសច្បាប់ដែលបានសាយភាយនៅលើប្រព័ន្ធនិម្មិត ហើយរដ្ឋាភិបាលអង់គ្លេស នឹងចាត់កម្លាំងថ្មី ដើម្បីបង្ខំឲ្យវេទិកាទាំងនេះ ដកចេញព័ត៌មានបែបញុះញង់ ។
លោក Benn និយាយថា កាលពីយប់ថ្ងៃពុធ ភាពឥតសណ្តាប់ធ្លាប់មានតិចតួចជាងកាលពីយប់ថ្ងៃអង្គារ ពេលដែលក្រុមកុបករនាំគ្នាដុតផ្ទះសម្បែង និងរថយន្ត មានគោលដៅលើជនជាតិភាគតិច បន្ទាប់ពីការវាយប្រហារដោយកំាបិតបង្កឡើងដោយបុរសជនជាតិស៊ូដង់ម្នាក់ ។
ដោយឡែក នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានចាត់ទុកការវាយប្រហារនេះថា ជារឿងគួរឲ្យស្អប់ខ្ពើមបំផុត ។
ឧបទ្ទេវហេតុនេះដែរ ដែលបច្ចុប្បន្នពុំត្រូវបានចាត់ទុកថាជាអំពើភេវកម្មនោះ បានកើតមាន ចំពេលមានការជជែកដេញដោលដ៏តានតឹងជុំវិញបញ្ហាអន្តោប្រវេសន៍នៅអង់គ្លេស ៕